សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអធិការកិច្ច ត្រូវរៀបចំទទួលពាក្យ បណ្តឹង តាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ទាន់ពេល និងឆាប់រហ័ស
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់ ក្រសួងអធិការកិច្ច ត្រូវរៀបចំទទួលពាក្យបណ្តឹង តាមប្រព័ន្ធអនឡាញ ដែលបង្កភាពងាយស្រួល ដល់ការដាក់ពាក្យបណ្តឹងឱ្យបានទាន់ពេល និងឆាប់រហ័ស សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទឱ្យកាន់តែកៀកទៅនឹងប្រជាជន ។

សម្តេចធិបតី បានបន្តថា នៅក្នុងទស្សនៈ «អធិការកិច្ច ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ» គ្រប់ក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ និងអង្គភាពសាធារណៈទាំងអស់ ត្រូវចូលរួមសហការឱ្យបានល្អនៅក្នុងការងារអធិការកិច្ច ស្របតាមពាក្យស្លោករបស់សម្តេចតេជោ «អធិការកិច្ច ជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ល្អជិតស្និទ្ធិ របស់ថ្នាក់ក្រោម»។
ជាមួយគនានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដែរថា ពាក្យស្លោកនេះ ត្រូវបានប្រើប្រាស់ជាបេសកកម្មរបស់ក្រសួងអធិការកិច្ច ក៏ដូចជាបេសសកម្មរបស់អង្គភាពអធិការកិច្ចថ្នាក់ក្រោម ដើម្បីជួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានឃើញ និងបានឮ សម្រាប់យកមកពិចារណា និងស្តាប់អោយបានច្បាស់ សំលឹងមើលបានឆ្ងាយ និងវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ