សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអធិការកិច្ច ត្រូវសិក្សាលទ្ធភាព ធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់ក្រសួងអធិការកិច្ច ត្រូវ សិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រសួងអធិការកិច្ច ត្រូវរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីអោយវិស័យអធិការកិច្ច អាចដំណើរការ ទៅមុខ បានលឿន។ ទន្ទឹមនេះ ក្រសួងអធិការកិច្ច ត្រូវសិក្សាលទ្ធភាព ធ្វើវិសោធនកម្មច្បាប់ស្តី ពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារ ដែលមានកន្លងមក ឬ ត្រូវតាក់តែងថ្មី ដើម្បី ឱ្យស្របតាមការវិវត្ត នៃស្ថានភាពសង្គមជាតិជាក់ស្តែង។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យ ក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នារៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងអធិការកិច្ច ឱ្យបានឆាប់រហ័ស ដោយឈរ លើ ប្រយោជន៍រួម សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner