សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នៅឆ្នាំ២០២៤នេះ ប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ មិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៤នេះ ប្រព័ន្ធរដ្ឋបាលរបស់រដ្ឋ មិនផ្អែកលើបុគ្គលទៀតនោះទេ តែផ្អែកលើប្រព័ន្ធការងា ដោយមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ ដោយមានស្តង់ដារប្រតិបត្តិមួយ ដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព ។
សម្តេចធិបតី ក៏បានស្នើឱ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំយន្តការ និងរបៀបរបបនៃការងារ របស់យន្តការដែលជាសេនាធិការខាងអធិការកិច្ច និងសវនកម្មរបស់រាជរដ្ឋាភិបាល របស់ក្រសួងស្ថាប័ន ព្រោះបើយើងរៀបចំកម្លាំងត្រូវ រៀបចំប្រព័ន្ធការងារ ត្រូវជួយយើងបានច្រើនណាស់ មានតួនាទីភារកិច្ចច្បាស់លាស់ ចែកតំបន់គ្នាច្បាស់លាស់ ប្រទាក់ក្រឡាគ្នាកាន់តែជួយថែមទៀត ការបង្កើតភាពធន់ និងចេរភាពនៃការងារ ។

សម្តេច បន្តថា ការបង្កើតភាពធន់ និងចេរភាពនៃការងារ បានន័យថា ពេលដែលយើងបង្កើតការងារ ហើយមានការងារច្បាស់លាស់ហើយ គឺអត់ពឹងទៅលើបុគ្គលទៀតនោះទេ អត់ពឹងថាទាល់តែប្រធានអធិការកិច្ចមានទម្ងន់ទើបចូលជាមួយគេចុះ ហើយអ្នកថ្មីមកអត់មានទម្ងន់ ចូលអត់ចុះនោះទេ បើយើងដឹងពីតួនាទីភារកិច្ចច្បាស់លាស់ មិនពឹងលើបុគ្គលទៀតនោះទេ ហើយយើងចង់ឱ្យប្រព័ន្ធការងារយើង អត់ផ្អែកទៅលើឥទ្ធិពលបុគ្គលទៀតនោះទេ គឺផ្អែកទៅលើការឯកភាពគ្នាទៅលើប្រព័ន្ធការងារ ។ ការធ្វើដូចនេះ គឺមិនឱ្យមនុស្សបង្រៀនប្រព័ន្ធការងារនោះទេ គឺឱ្យប្រព័ន្ធការងារបង្រៀនមនុស្សវិញ គឺមានស្តង់ដារប្រតិបត្តិមួយ ដែលមានការឯកភាពគ្នាទៅលើច្បាប់ ផ្អែកទៅលើបទដ្ឋានការងារដែលមាននិរន្តរភាព ហើយគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអាចនិយាយភាសារតែមួយ គឺភាសាអធិការកិច្ច យើងអាចយល់គ្នាបាន ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមថា ទាំងនេះ គឺជានិរន្តរភាពនៃការធ្វើកំណែរទម្រង់ ដែលយើងចង់បាន ហើយនៅឆ្នាំ២០២៤នេះ សង្ឃឹមថា និងអាចធ្វើបានច្រើន ដែលទាំងនេះ គឺជាការងារពង្រឹងរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ