អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ី នឹងត្រូវដោះលែងវិញ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសថៃ បាននិយាយ នៅថ្ងៃអង្គារនេះថា អតីតនាយករដ្ឋមន្ត្រីថៃ ដែលកំពុងជាប់ពន្ធនាគារ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ហើយការដោះលែង អាចនឹងឡើង នៅចុងសប្តាហ៍នេះ។
លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Tawee Sodsong បានប្រាប់អ្នកយកព័ត៌មាន នៅវិមានរដ្ឋាភិបាលថា អ្នកទោសប្រហែល ជា៩៣០នាក់ រួមទាំង លោក ថាក់ស៊ីន នឹងត្រូវព្យួរទោសវិញ។ លោករដ្ឋមន្ត្រីបានបន្តថា លោក ថាក់ស៊ីន ពេលនេះ កំពុងស្ថិតនៅក្នុងក្រុមដែលមានស្ថានភាពធ្ងន់ធ្ងរ ឬ ក្រុមមានអាយុលើសពី ៧០ ឆ្នាំ ដូច្នេះ លោកនឹងត្រូវដោះលែងវិញ ដោយស្វ័យប្រវត្តិ បន្ទាប់ពីប្រាំមួយខែ។
គួរកត់សម្គាល់ថា ដំណឹងនេះត្រូវបានផ្សព្វផ្សាយ ក្រោយមួយសប្តាហ៍ នគបាលទើបសម្រេចចោទប្រកាន់ លោកថាក់ស៊ីន ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ កាលពីជិត១០ឆ្នាំមុន។ ជាការចោទប្រកាន់ថ្មីទៀត ក្រោយពេលលោកត្រូវបានតុលាការកាត់ទោស ពីបទពុករលួយ និងការរំលោភបំពានអំណាច កាលពីពេលធ្វើជានាយករដ្ឋមន្ត្រីថៃ។
លោក ថាក់ស៊ីន ដែលគេស្គាល់ថា ជាមហាសេដ្ឋី និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ពីរដងនោះ ធ្លាប់ត្រូវបានបណ្តេញចេញ ពីតំណែង នៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៦។ កាលពីខែសីហា ឆ្នាំ២០២៣ លោកបានបានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីបាននិរទេសដោយខ្លួនឯង នៅក្រៅប្រទេស ជាច្រើនឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត