ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការចុះបញ្ជីដីធ្លី រួមចំណែកបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ការចុះបញ្ជីដីធ្លី រួមចំណែកបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ នេះជាការលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

លោកស្រី Eda Kraja បានថ្លែងថា UNOPS ជាដៃគូសហការរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ជាមូលនិធិសម្រាប់អនុវត្តគម្រោងនានា។ ជំនួបនាថ្ងៃនេះ គឺដើម្បីឈ្វេងយល់ និងសិក្សាឱ្យបានស៊ីជម្រៅអំពីគោលនយោបាយអាទិភាពរបស់ក្រសួង និងធ្វើកិច្ចសហការជាមួយគ្នាក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ លើកឡើងថាក្រសួងមានកិច្ចការជាច្រើនដែលទីភ្នាក់ងារ UNOPS អាចចូលរួមសហការក្នុងការអនុវត្តជាមួយគ្នា។ ការចុះបញ្ជីដីធ្លី គឺជាគោលនយោបាយអាទិភាពមួយរបស់ក្រសួង ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ក្រសួងត្រូវការថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ហើយតាមផែនការគឺគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

ការចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន បាននិងកំពុងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំក្រុមការងារដើម្បីគាំទ្រដល់កិច្ចសហការអនុវត្តការងារជាមួយ UNOPS ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner