មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អ ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់

ភ្នំពេញ៖ ឯកឧត្តម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងថា ចលនានៃការចូលរួមបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃមួយដែលយើងគ្រប់គ្នាយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ ចែករំលែកក្ដីស្រលាញ់ទៅនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល។

ថ្លែងក្នុងយុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រលាញ់ “ផ្តល់ឈាមផ្តល់ក្តីសង្ឃឹម” នាថ្ងៃទី១៤ ខែកុម្ភៈនេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឯកឧត្តម ស៊ិក ប៊ុណ្ណា មានប្រសាសន៍ថា ជាការពិតណាស់ ការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃ ជាការធ្វើអំពើល្អ សាងនូវកុសលបុណ្យល្អៗ ដែលយើងបានធ្វើចេញពីបេះដូងពិតរបស់យើង។ ជំនួសឱ្យអ្នកជំងឺកម្ពុជាទាំងអស់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរបស់សប្បុរសជនទាំងឡាយ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ដែលជាភារកិច្ចរបស់យើង និងដើម្បីប្រជាជនយើងទាំងអស់គ្នា។

លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានបញ្ជាក់ថា នៅក្នុងកម្មវិធីទំនួលខុសត្រូវចំពោះការងារសង្គម (CSR) និងបុព្វហេតុ៤ចំបងរបស់វីតាល់ រួមមាន៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៍, ក្រុមការងារវីតាល់បានខិតខំយ៉ាងសកម្ម ក្នុងការបំពេញបន្ថែមនូវសកម្មភាពការងារជាច្រើន តាមរយៈសកម្មភាពរៀបចំដោយខ្លួនឯង និងសកម្មភាពនានា ជាមួយដៃគូអភិវឌ្ឍន៍លើគ្រប់វិស័យ។ តួយ៉ាងដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងពីបូរេប្រទាន នៃមូលនិធិ ដែលបានជម្រុញឱ្យ វីតាល់ បន្តចូលរួម ឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមានគម្រោងថ្មីៗ ក្នុងការចូលរួមដោះស្រាយ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដ ពីសប្បុរសជននានាគ្រប់ស្រទាប់វណ្ណៈ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣ ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដមានតែ ០,៨៤% ប្រៀបធៀបជាមួយប្រជាជនសរុប ១៧លាននាក់ក្នុងប្រទេសកម្ពុជា។ យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមាន ៣០០ ទៅ ៣៥០ ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការ ទូទាំងប្រទេស មានចំនួន ១៤៣ ១៤៣ ប្លោក ដែលលើសពីឆ្នាំមុនៗ ២០% ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាម តាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត ឆ្លើយតបបានប្រហែល ១៩,៥% នៃតម្រូវការ ក្នុងប្រទេសតែប៉ុណ្ណោះ ខណៈប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner