ដើមឆ្នាំនេះវត្តមានកូនសត្វផ្សោតកើតថ្មីបន្តបន្ទាប់នៅអន្លង់កាំពីដែលបង្ហាញពីក្តីសង្ឃឺមធនធានដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ

ភ្នំពេញ៖ក្រុមអ្នកអភិរក្សបានរកឃើញជាបន្តបន្ទាប់នូវវត្តមាននៃកូនសត្វផ្សោតទន្លេមេគង្គនៅក្នុងអន្លង់កាំពីនៃខេត្តក្រចេះ។គិតចាប់ពីខែមករាដល់ពាក់កណ្តាលខែកុម្ភៈក្នុងឆ្នាំ២០២៤នេះគេបានរកឃើញវត្តមានកូនសត្វផ្សោតទើបកើតថ្មីចំនួនពីក្បាលហើយ។

វត្តមានកើតថ្មីរបស់សត្វដ៏កម្រនេះត្រូវបានអ្នកស្រាវជ្រាវ និងមន្រ្តីពាក់ព័ន្ធបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង។

គប្បីរំលឹកថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។

នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់ថ្ងៃទី ១៤ ខែ កុម្ភៈក្រុមអ្នកអភិរក្ស និងមន្រ្តីពាក់ព័ន្ធបានបញ្ចេញព័ត៌មានគួរឱ្យសប្បាយរីករាយ ហើយស្វាគមន៍កូនផ្សោតទី២ ក្នុងឆ្នាំនេះមកក្នុងហ្វូងផ្សោតទន្លេមេគង្គ ដែលកើតចំថ្ងៃនៃក្តីស្រឡាញ់នេះតែម្តង។

បើតាម ក្រុមអ្នកស្រាវជ្រាវនៃ រដ្ឋបាលជលផល និងអង្គការWWF អង្កេតឃើញកូនផ្សោតទើបកើតមួយក្បាលនេះ ហែលក្នុងហ្វូងផ្សោតពេញវ័យចំនួន៧ក្បាលទៀត នៅក្នុងអន្លង់កាំពី នាខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ។

ដោយឡែកកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅក៏មានដំណឹងរីករាយពីវត្តមានកើតថ្មីនៃសត្វផ្សោតទន្លេមេគង្គនេះដែរ។ក្រុមឆ្មាំទន្លេ ,ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការWWF បានប្រទះឃើញកូនផ្សោតអាយុប្រមាណ២ ថ្ងៃមួយក្បាល ហែលរួមនិងផ្សោតពេញវ័យ៦ក្បាលទៀត នៅអន្លង់កាំពីដូចគ្នា។

កូនផ្សោតកើតថ្មីនេះត្រូវបានគេចាត់ទុកថាជាសញ្ញានៃក្តីសង្ឃឹម។ជាមួយគ្នានេះក្រុមអ្នកស្រាវជ្រាវ បានអំពាវនាវឱ្យមានការរួមគ្នា ការពារសត្វផ្សោតទន្លេមេគង្គ និងលំហូរសេរីនៃទន្លេមេគង្គដែលទីជម្រករបស់ពួកវា ដើម្បីរក្សាធនធានដ៏មានតម្លៃឥតគណនានេះសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

លោក ផៃ សុម៉ានី មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលជលផល និងជាអ្នកជំនាញសត្វផ្សោតបានឱ្យដឹងនាកន្លងមកថានបច្ចុប្បន្នការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គគឺរដ្ឋបាលជលផល កំពុងសហការជាមួយរដ្ឋបាលខេត្ត ក្រចេះ និងស្ទឹងត្រែងដោយបានផ្តោតសំខាន់ទៅលើដងទន្លេដែលមានចម្ងាយ១៨០គីឡូម៉ែត្រចាប់ពីក្បាលកោះទ្រង់ក្នុង ខេត្ត ក្រចេះ ឆ្ពោះទៅកាន់ព្រំប្រទល់កម្ពុជា-ឡាវ។

លោកបន្តថា”តាមរយៈការល្បាតទាំងយប់ទាំងថ្ងៃនៅទីកន្លែងដែលសត្វផ្សោតរស់នៅនាកន្លងទៅជាលទ្ធផលយើងទទួលបាននូវកាត់បន្ថយអត្រាការស្លាប់របស់សត្វផ្សោតនោះបានច្រើនមែនទែន។បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មបានផ្តល់នូវសម្ភារៈជាឧបករណ៍ដែលបម្រើនូវការងារអនុវត្តច្បាប់។យើងបានប្រើឧបករណ៍ និងសម្ភារៈទាំងអស់នេះ ពិសេសទូកម៉ាស៊ីន កែវយឹត មានគោមសម្រាប់បំភ្លឺក្នុងការអនុវត្តច្បាប់ជាហូរហែ។ក្រៅពីនេះយើងបានធ្វើការបណ្តុះបណ្តាលឆ្មាំទន្លេរៀងរាល់ពេល ។ពិសេសការបណ្តុះបណ្តាលឱ្យពួកគាត់អាចប្រើឧបករណ៍ម្យ៉ាងមានឈ្មោះថាស្មាតធូល និង បច្ចេកទេសស្របទៅតាមបទដ្ឋាននៃបណ្តាប្រទេសអាស៊ានផងធ្វើឱ្យយើងទទួលបានលទ្ធផលល្អប្រសើរក្នុងកិច្ចអភិរក្សសត្វផ្សោតនាកន្លងមក”។

ទាក់ទិនទៅនឹងសត្វផ្សោតនេះដែរលោក ផៃ សុម៉ានីបានឱ្យដឹងថា បើយើងនិយាយពីគុណភាពនៃបរិស្ថាន វិញ វាបានបង្ហាញច្បាស់ពីវត្តមានសត្វផ្សោត និងគុណភាពរបស់បរិស្ថាន។មានន័យថា បើនៅតែមានវត្តមានសត្វផ្សោតក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជាយើង នោះបរិស្ថាននៃទន្លេមេគង្គត្រូវតែនៅល្អ ដែលធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានក៏ដូចជាជីវចម្រុះ។ជីវចម្រុះមានន័យទៅដល់ភាពចម្រុះនៃជីវិតដែលនិយាយទៅដល់សត្វច្រើនប្រភេទក្នុងនេះមានទាំងត្រី មានទាំងថនិកសត្វ ឧរង្គសត្វ មានទាំងសត្វស្លាបជាដើម។

លោកបានបញ្ជាក់បន្ថែមថា៖”អញ្ចឹងមានន័យថាវត្តមានរបស់សត្វផ្សោតបង្ហាញនូវសុខភាពល្អនៃប្រព័ន្ធអេកូឡូស៊ី ដែលធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងជីវចម្រុះ”។

សូមជម្រាបថានបច្ចុប្បន្នមានប្រទេសចំនួន៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ។កម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ។សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គចាប់ពីទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ១៨០គីឡូម៉ែត្រ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner