អភិបាលរាជធានីភ្នំពេញៈទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ត្រូវបិទជាបន្ទាន់
ភ្នំពេញ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាប្រធានផ្សារទាំង២៥ ដោយបញ្ជាក់ថា មិនអនុញ្ញាតឳ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។

ការដាក់បទបញ្ជាបែបនេះធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌទាំង១៤និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់បទបញ្ជាភ្លាម។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ក្នុងកិច្ចប្រជុំនេះថា ចំពោះអាជីវកម្មឆ្នោតផ្សង សំណាងចំនួន១០ ក្រុមហ៊ុន ។ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឳ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះនៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឳ្យមានទៀតទេ។

ឯកឧត្តមបន្តទៀតថា តាមជុំវិញ ផ្សារ សាលារៀន មិនអនុញ្ញាតឳ្យមានជាដាច់ខាតចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ ។បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺត្រូវតែបង្រ្កាបភ្លាមតែម្តង។
បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលរាជធានី ជំរុញឳ្យបន្តបង្កេីត គ្រុបតេឡេក្រាម (Group Telegram )ក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដោយក្រុមការងារនេះត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូន អភិបាលរាជធានីភ្នំពេញ។

ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវរៀបចំប្រជុំបន្ទាន់ ដេីម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ។ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់ ។ទីតាំងដែលមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ ។ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង ត្រូវរង់ចាំដល់ផុតសុពល រួចចុះបិទដែរបញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតទីតាំង និងចេញលិខិតអនុញ្ញាតទីតាំងថ្មី ។

គួរបញ្ជាក់ថា តាមរយៈសារជាសំឡេង ពិសេសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាបណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស៕
ដោយ ៈហេង សម្បត្តិ+ ថេត វិចិត្រ