សមត្ថកិច្ចបំបែកករណីក្លែងតេឡេក្រាមចោទប្រកាន់មន្ត្រីនគរបាលចរាចរណ៍ (Video Inside)
មនុស្សដែលប្រឌិតរឿងចោទប្រកាន់ និងទម្លាក់កំហុសមកលើសមត្ថកិច្ចនគរបាលចរាចរណ៍ថា បានប្រព្រឹត្តអំពើគាបសង្កត់យកលុយពីពលរដ្ឋ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីធ្វើការដាក់ទោសតាមផ្លូវច្បាប់។
បុរសជាជនសង្ស័យឈ្មោះ យឹម សុផាន់ណា បានប្រើគណនីក្លែងមួយដោយប្រើរូបថតស្ត្រីម្នាក់ ឈ្មោះ ម៉ូលីកា ប្រឌិតរឿងថា កាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២៤ មានមន្ត្រីនគរបាលម្នាក់ ក្រោយបានផាកពិន័យស្ត្រីឈ្មោះ ម៉ូលីកា នៅចំណុចស្តុបក្តាន់២ ក្នុងខណ្ឌ៧មករានោះរួចមក បានព្យាយាមទាក់ទងរូបនាងតាមប្រព័ន្ធតេឡេក្រាម ដើម្បីការចែចង់ស្នេហា គ្រាដែលហេតុការណ៍នោះ មិនមានកើតឡើងឡើយ។ ការប្រើគណនីក្លែងបន្លំចោទប្រកាន់សមត្ថកិច្ចនគរបាលនោះ បានធ្វើឱ្យសាធារណមតិ ខឹងសម្បារចោទថា ជាទង្វើអសីលធម៌។
ស្នងការដ្ឋាននគរបាលរាជធានី ក្រោយមានការចោទប្រកាន់នោះ បានចុះធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកការពិតដែលជាប់ពាក់ព័ន្ធ និងបានអំពាវនាវតាមបណ្តាញសង្គម សូមឱ្យស្ត្រីឈ្មោះ ម៉ូលីកា នោះ មកដាក់ពាក្យបណ្តឹង ដើម្បីការជួយរកយុត្តិធម៌ឱ្យរូបនាង។
ប៉ុន្តែក្រុមជំនាញ ក្រោយមកបានរកឃើញថាគណនីប្រើឈ្មោះ ម៉ូលីកា នោះ តាមពិតជាបុរសឈ្មោះ យឹម សុផាន់ណា នោះទេ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសរូបនោះ នៅថ្ងៃទី១៣កុម្ភៈ និងបានបញ្ជួនទៅតុលាការនារសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកវរសេនីយ៍ឯក សម វិច្ឆិកា បានរៀបរាប់ជុំវិញហេតុការណ៍ដែលជាប់ពាក់ព័ន្ធទាំងនេះ (សម្លេងលោក សម វិច្ឆិកា)