មន្ត្រីជំនាញថ្លែងថាតួលេខឆ្លងអេដស៍កាន់តែកើនឡើង (Video Inside)
អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍បានថ្លែងថា តួលេខអ្នកឆ្លងជម្ងឺអេដស៍ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលកម្ពុជាបានកំណត់ទិសដៅលុបបំបាត់ជម្ងឺអេដស៍ ឱ្យអស់ក្នុងឆ្នាំ២០២៥។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេសដ៍កម្ពុជាទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងនៅក្នុងថ្ងៃទី១៤កុម្ភៈ ក្នុងយុទ្ធនាការផ្សព្វផ្សាយប្រឆាំងនឹងជម្ងឺអេដស៍ថា តួលេខឆ្លងកាលពីឆ្នាំ២០២៣ មានចំនួន ១ពាន់ ៤០០នាក់ ដែលស្មើនឹង ៤នាក់ក្នុងមួយថ្ងៃ។ លោក អៀង មូលី បានថ្លែងថាការឆ្លងបានកើនចំពោះបុរស។
លោក អៀង ម៉ូលី បានថ្លែងសង្កត់ធ្ងន់ចំពោះការកើតឡើងភាគច្រើន ទៅលើបុរសដែលស្រឡាញ់ភេទដូចគ្នា។ កម្ពុជាដែលបានប្តេជ្ញាបញ្ចប់អេដស៍នៅឆ្នាំ២០២៥ តាមរយៈយុទ្ធសាស្ត្រ កាត់បន្ថយចំនួនអ្នកឆ្លងថ្មីតិចជាងមួយនាក់ក្នុងមួយថ្ងៃ បានថ្លែងបារម្ភជុំវិញការប្រឈមខ្វះខាត លើថវិកាចំណាយ ដោយសារតែមូលនិធិសកលរបស់ពិភពលោក នឹងមិនអាចជួយគ្រប់គ្រងដល់អ្នកឆ្លងជម្ងឺអេដស៍ទាំងអស់ របស់កម្ពុជាបានឡើយ។
កម្ពុជាកំពុងតែស្ថិតនៅលើវិថីមួយដែលកំពុងឈានទៅសម្រេចបាននូវ “គោលដៅ៩៥-៩៥-៩៥” នៅត្រឹមឆ្នាំ២០២៥ ពោលគឺ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥% នៃអ្នកដែលដឹងស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍, និង ៩៥% នៃអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ដែលបានកំណត់ដោយអង្គការសហប្រជាជាតិនៅត្រឹមឆ្នាំ២០៣០។