លទ្ធផលបឋម៖ អតីតមេយោធាក្នុងជំនាន់លោកស៊ូហាតូ បានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី
ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃពុធ។ លទ្ធផលបឋមបង្ហាញថា អតីតមេដឹកនាំយោធា ក្នុងរបបផ្តាច់ការ របស់លោកស៊ូហាតូ បានឈ្នះ ប៉ុន្តែ ត្រូវរង់ចាំលទ្ធផលផ្លូវការ ដែលគ្រោងនឹងប្រកាស នាខែក្រោយ។
អតីតឧត្តមសេនីយ Prabowo Subianto បានអះអាងប្រាប់អ្នកគាំទ្រ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈថា នេះគឺជាជ័យជម្នះសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់គ្នា។ លោក បានបន្ត «យើងជឿថា លទ្ធិប្រជាធិបតេយ្យរបស់ឥណ្ឌូនេស៊ីកំពុងដំណើរការល្អ»។
យ៉ាងណាមិញ លទ្ធផលផ្លូវការមិនទាន់បានប្រកាសទេ គឺរងចាំរហូតដល់ខែក្រោយ។
លោក Subianto បានអះអាងថា លោកឈ្នះហើយ ប៉ុន្តែលោក បានសង្កត់ធ្ងន់ថា «យើងនៅតែត្រូវរង់ចាំលទ្ធផលផ្លូវការរបស់ គណៈកម្មាធិការរៀបចំការបោះឆ្នោត»។
លោក Subianto វ័យ៧២ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ជាអតីតមេយោធា ក្នុងរបបផ្តាច់ការរបស់លោក ស៊ូហាតូ (Suharto) កាលពីមួយជំនាន់មុន។
ទោះឃើញភាពឈ្នះ ក្នុងលទ្ធផលបឋមនេះ ក៏ដោយ លោកត្រូវការច្រើនជាង៥០ ភាគរយនៃការបោះឆ្នោតរួម ហើយយ៉ាងហោចណាស់ សន្លឹកឆ្នោតមួយភាគប្រាំ ពិតជាត្រូវបានបោះឆ្នោត នៅក្នុងតំបន់ជាងពាក់កណ្តាល នៃបណ្តាខេត្តក្រុង នៃប្រទេសនេះ ទើបទទួលបានតំណែងប្រធានាធិបតី។
គួរកត់សម្គាល់ដែរថា ឥណ្ឌូនេស៊ីបោះឆ្នោតប្រធានាធិបតី អាណត្តិទី៥ ហើយ ពោលគឺចាប់តាំងពីការបញ្ចប់នៃរបបផ្តាច់ការរបស់លោក Suharto ក្នុងឆ្នាំ ១៩៩៨៕ ប្រភពពីAFP ប្រែសម្រួល៖ សារ៉ាត