Sony ដំឡើងការព្យាករណ៍ប្រាក់ចំណេញ

តូក្យូ៖ ក្រុមហ៊ុន Sony របស់ប្រទេសជប៉ុន បានបង្កើនការព្យាករណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួន ក្នុងថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែបានកាត់បន្ថយគោលដៅលក់របស់ម៉ាស៊ីនហ្គេម PlayStation 5 របស់ខ្លួន។

ក្រុមហ៊ុន Sony ព្យាករណ៍ថា ប្រាក់ចំណេញសុទ្ធពេញមួយឆ្នាំរបស់ខ្លួន នឹងមានចំនួន ៩២០ពាន់លានយ៉េន ឬប្រហែល ៦.១ពាន់លានដុល្លារ លើសគោលដៅពីមុន ដែលមានត្រឹម ៨៨០ពាន់លានយ៉េន ឬប្រហែលជាង ៥.៨ពាន់លានដុល្លារ។ ទន្ទឹមគ្នា ការលក់ម៉ាស៊ីនហ្គេម PlayStation 5 (PS5) របស់ Sony អាចនឹងប្រឈមនូវហានិភ័យធ្លាក់ចុះសន្ទុះលក់ បើធៀបជាមួយនឹងគូប្រជែង Microsoft របស់អាមេរិក នេះបើតាមការព្រមានរបស់អ្នកវិភាគមួយចំនួន។

អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Sony លោកស្រី Naomi Matsuoka និយាយថា Sony នឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីលើប្រាក់ចំណេញរបស់ខ្លួន ប៉ុន្តែយើងក៏រំពឹងដែរថា ទិន្នន័យនៃការលក់នឹងចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ចាប់ពីឆ្នាំសារពើពន្ធបន្ទាប់។ ក្រុមហ៊ុន Sony បានបញ្ជាក់ទៀតថា ខ្លួនរំពឹងថា ការលក់ម៉ាស៊ីនហ្គេម PS5 នឹងមានចំនួនប្រហែល ២១លានគ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ធ្លាក់ចុះជាងគោលដៅពីមុន ដែលមានចំនួនរហូតដល់ ២៥លានគ្រឿង។

គួរបញ្ជាក់ថា សម្រាប់រយៈពេល ៣ខែ ពោលគឺគិតចាប់ពីខែធ្នូឆ្នាំមុន ក្រុមហ៊ុន Sony បានមើលឃើញការលក់កើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ក្នុងនោះរួមមានម៉ាស៊ីនហ្គេម និងឧបករណ៍តន្ត្រីជាដើម។ ការលក់នេះបានកើនឡើង ២២ភាគរយ ដល់ទឹកប្រាក់ ៣.៧ទ្រីលានយ៉េន ក្នុងអំឡុងខែតុលា ដល់ខែធ្នូ សម្រាប់ប្រាក់ចំណេញសុទ្ធមានចំនួន ៣៦៣.៩ពាន់លានយ៉េន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner