ចក្រភពអង់គ្លេសជំរុញឱ្យសភាអាមេរិកអនុម័ត ជំនួយអ៊ុយក្រែន
ឡុងដ៍៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស កាលពីថ្ងៃពុធ បានជំរុញឲ្យសមាជិកសភាអាមេរិក អនុម័តកញ្ចប់ជំនួយអ៊ុយក្រែន ដោយលោកចាត់ទុកថា ការអនុម័តនេះ គឺជារឿងត្រឹមត្រូវ។
គួររម្លឹកថា មេដឹកនាំគណបក្សសាធារណរដ្ឋ នៃសភាតំណាង សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានរារាំងជំនួយសង្រ្គាមសម្រាប់អ៊ុយក្រែន ដោយមិនអើពើនឹងការអង្វរករ របស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ដែលថា ការអនុម័តច្បាប់នេះ គឺមានសារៈសំខាន់ សម្រាប់ទប់ទល់នឹងឥទ្ធពលរបស់លោកពូទីន ដែលលោក បៃឌិន ហៅថាជា «មេដឹកនាំផ្តាច់ការរុស្ស៊ី»។
ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសប៊ុលហ្គារី លោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំសូមជំរុញ សមាជិកសភា នៅសហរដ្ឋអាមេរិក បោះឆ្នោត ឱ្យកញ្ចប់ប្រាក់នេះ ដំណើរការ»។
លោកបានបន្ថែមថា «យើងអំពាវនាវឱ្យពួកគេធ្វើរឿងត្រឹមត្រូវ ដើម្បីបញ្ឈប់ការឈ្លានពាន ហើយឈរនៅខាងសេរីភាព ក្រោកឈរឡើងសម្រាប់ប្រទេស ដែលការពារព្រំដែនរបស់ខ្លួន»
លោកសង្កត់ធ្ងន់ថា ការអនុម័តកញ្ចប់ ដែលគេដឹងថា មានតម្លៃ ៦០ពាន់លានដុល្លារអាមេរិមួយនេះគឺ «ពិតជាសំខាន់សម្រាប់សន្តិសុខអាមេរិក» ហើយ «ពិភពលោកទាំងមូល» នឹងមើលការសម្រេចចិត្ត របស់សភាអាមេរិក។
លោកបាននិយាយថា «មេរៀនប្រវត្តិសាស្ត្រ គឺច្បាស់ណាស់ ប្រសិនបើអ្នកអនុញ្ញាតឱ្យជនផ្តាច់ការ ដូចជា ពូទីនចូលកាន់កាប់ផ្នែកនៃប្រទេសមួយផ្សេងទៀត គាត់នឹងមិនឈប់នៅទីនោះទេ គាត់នឹងត្រលប់មកវិញបន្ថែមទៀត»៕