សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអោយដឹងថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋវ័យចំណាស់មួយ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើន ក្នុងរយៈពេលជាច្រើនសិបឆ្នាំមកនេះ។ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្កើតសាខាថ្មីមួយទៀត នៅទីតាំងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សាខាថ្មីនេះ គឺជាការបណ្ដុះបណ្ដាលលើមហាវិទ្យាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ។
ឯកឧត្តម លើកឡើងបន្តថា ការបណ្ដុះបណ្ដាលនៅសាខាថ្មី មានលក្ខណៈស្តង់ដាអន្តរជាតិ ដោយបង្រៀនជាភាសាអង់គ្លេស ជាភាសាគោល និងភាសាបារាំងជាភាសាជម្រើស។ ជាការកម្រិតសម្រាប់និស្សិតចូលរៀន គឺត្រូវតែជានិស្សិតឆ្នើម ទទួលបាននិទ្ទេស A លើមុខវិជ្ជាគណិតវិទ្យាជាដាច់ខាត សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប។
ភ្ជាប់ជាមួយនឹងការកម្រិតសម្រាប់សិស្សចូលរៀន ចំពោះសាស្ត្រាចារ្យវិញ ក៏ជាសាស្ត្រាចារ្យ ដែលទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យល្បីៗពីប្រទេសជុំវិញពិភពលោក និងសាស្ត្រចារ្យបរទេសមកពីបណ្ដាសាកលវិទ្យាល័យនានា ជាដៃគូរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង។ និស្សិតដែលកំពុងសិក្សា ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល បានលើកឡើងនូវសកម្មភាពសិក្សា បូករួមទាំងឱកាសទទួលបាន និងចំណេះដឹងជាច្រើនក្នុងការសិក្សាកន្លងមកនេះ។
សម្រាប់ការត្រៀមបើកសាខាថ្មី នៃសាកកលវិទ្យាល័យជាតិគ្រប់គ្រងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញការសារទរ ចំពោះសមិទ្ធផលថ្មីនេះផងដែរ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម លើកឡើងថា ការបង្កើតមហាវិទ្យាល័យថ្មីនេះ នឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។ មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នេះគឺមាន ៤មុខជំនាញ។ មុខជំនាញទាំងនោះរួមមាន ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ចឌីជីថល ថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ថ្នាក់បរិញ្ញាបត្រផ្នែកការគ្រប់គ្រងផែនការទីក្រុងវៃឆ្លាត និងថ្នាក់វិទ្យាសាស្ត្រកំព្យូទ័រ ៕
ដោយ ៖ វណ្ណលុក








