សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសិក្សារៀនសូត្រ មិនមែនធ្វើតែមួយថ្ងៃនោះទេ
(ភ្នំពេញ)៖ ការសិក្សារៀនសូត្រមិនមែនធ្វើតែមួយថ្ងៃនោះទេ ខណៈការទទួលបានសញ្ញាបត្រ គឺបានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែង ទើបទទួលបានសមិទ្ធផលសិក្សានៅថ្ងៃនេះ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សារៀនសូត្រមិនមែនធ្វើតែមួយថ្ងៃនោះទេ។ ជាក់ស្ដែង ការដែលនិស្សិតមកទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺពួកគេបានសិក្សារៀនសូត្រអស់រយៈពេលដ៏យូរ ក្នុងនោះបរិញ្ញាបត្ររងត្រូវប្រើររយៈពេល២ឆ្នាំ, បរិញ្ញាបត្រ ៤ឆ្នាំ និងបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ក្នុងរយៈពេលយូរថែមទៀត។
សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងពេលសិក្សា និស្សិតខ្លះ ត្រូវប្រឈមជាមួយការងារច្រើន ទាំងបញ្ហាជីវភាពរស់នៅ និងសកម្មភាពការងារផ្សេងៗ។ ដូចនេះ ភាពអត់ធ្មត់រៀនសូត្រ នាំឱ្យការសិក្សាទទួលបានជោគជ័យ ហើយការទទួលបានសញ្ញាបត្រនៅទីនេះ គឺបានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែង ទើបទទួលបានសមិទ្ធផលសិក្សានៅថ្ងៃនេះ ៕


អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ