នាយក FBI អាមេរិក ធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារ FBI ក្នុងថ្ងៃពុធនេះ និយាយថា នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) លោក Christopher Wray បានធ្វើទស្សនកិច្ចមិនប្រកាសទុកមុន ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួបជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អីស្រាអែល។

លោក Christopher Wray ក៏បានជួបជាមួយទីភ្នាក់ងារ FBI ដែលមានមូលដ្ឋាននៅទីក្រុង Tel Aviv ផងដែរ ហើយកិច្ចពិភាក្សានោះ សង្កត់ធ្ងន់លើសារៈសំខាន់នៃការងាររបស់ពួកគេ ពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមឧទ្ទាមហេសបូឡានៅប្រទេសលីបង់ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក។ នាឱកាសនោះដែរ លោក Wray បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ FBI ដល់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា។

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យ FBI ការផ្តោតសំខាន់របស់លោក Wray គឺកិច្ចខិតខំប្រឹងប្រែងរបស់ FBI ក្នុងការប្រឆាំងនឹងអង្គការបរទេស ដែលគាំទ្រការវាយប្រហារលើអ៊ីស្រាអែល និងការគំរាមកំហែងវាយប្រហារសហរដ្ឋអាមេរិក ទាំងក្នុងស្រុក និងក្រៅប្រទេស។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្សប្រមាណ ១,១៦០នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងយ៉ាងហោចណាស់ ២៥០នាក់ នៅក្នុងការឈ្លានពានកាលពីថ្ងៃទី០៧ ខែតុលា។ ហើយអ៊ីស្រាអែលបានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំវិញ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សកើនឡើងជាង ២៨,៥០០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner