លោក គីម ជុងអ៊ុន ចុះមើលផ្ទាល់ការបាញ់សាកល្បងមីស៊ីល
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ ក្នុងថ្ងៃព្រហស្បតិ៍នេះ ចេញផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះមើលផ្ទាល់ការធ្វើតេស្តបាញ់មីស៊ីលពីដីទៅសមុទ្រប្រភេទថ្មី ដែលនេះជាផ្នែកមួយ នៃការពង្រឹងសន្តិសុខដែនសមុទ្រ ហើយក៏បានធ្វើទស្សនកិច្ច ទៅកាន់រោងចក្រផលិតអាវុធដ៏សំខាន់មួយផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន KCNA រាយការណ៍ថា លោក គីម បានចុះត្រួតពិនិត្យ និងវាយតម្លៃការធ្វើតេស្តបាញ់មីស៊ីលពីដីទៅសមុទ្រប្រភេទថ្មី Padasuri-6 ដែលនឹងត្រូវបំពាក់ដល់កងទ័ពជើងទឹក។ នាឱកាសនោះ លោក គីម បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលនៃការបាញ់សាកល្បង។
មីស៊ីលនោះបានបាញ់ដល់គោលដៅដែលគេចង់បាន បន្ទាប់ពីហោះរំលងសមុទ្រខាងកើតរយៈពេល ១,៤០០វិនាទី ឬប្រហែល ២៣នាទី។
លោក គីម និយាយថា កូរ៉េខាងត្បូងបានអនុញ្ញាតឱ្យនាវាចម្បាំងជាច្រើន ចូលឈ្លានពានក្នុងដែនទឹករបស់កូរ៉េខាងជើង ដើម្បីទន្ទ្រានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង។

លោក គីម បានរិះគន់ការខិតខំប្រឹងប្រែងទាំងគ្មានសង្ឃឹមរបស់កូរ៉េខាងត្បូង ដើម្បីរក្សាខ្សែបន្ទាត់ព្រំដែនខាងជើង និងបានប្តេជ្ញាថា កូរ៉េខាងជើងនឹងការពារអធិបតេយ្យភាពដែនសមុទ្រនេះឱ្យបានហ្មត់ចត់ ដោយកម្លាំងអាវុធ និងសកម្មភាព មិនមែនដោយវោហាសាស្ត្រណាមួយឡើយ។
គួរបញ្ជាក់ថា ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ដែលគេស្គាល់ថា ជាខ្សែបន្ទាត់ព្រំដែនខាងជើង មិនដែលត្រូវបានបោះបង្គោលជាផ្លូវការនោះទេ ហើយក៏ធ្លាប់ជាកន្លែងនៃការប៉ះទង្គិចគ្នាពីមុនមករវាងប្រទេសកូរ៉េទាំងពីរ។ កាលពីដើមឆ្នាំនេះ លោក គីម ក៏បាននិយាយដែរថា លោកនឹងលែងទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនខាងជើងទៀតហើយ៕







ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា