ជនជាតិចិនដូចគ្នាបាន ផ្ទុះហិង្សាវាយតប់ទៅវិញទៅមកទាំងកណ្តាលយប់ ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបាន០៤នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ បានធ្វើការឃាត់ខ្លួនជនជាតិចិន០៤នាក់ ក្រោយពីពួកគេផ្ទុះហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យមានអ្នករបួស និងបង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង១និង៤០នាទី ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនជាតិចិនមួយក្រុម មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយមិនដឹងមូលហេតុ ស្រាប់តែភ្លាមៗនោះ ភាគីទាំងសងខាង បានស្ទុះទៅធ្វើការវាយតប់គ្នា ទៅវិញទៅមក បណ្តាលឲ្យមានមនុស្សរងរបួសទាំងសងខាង និងអ្នកខ្លះបានរត់ចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ រហូតដល់មានកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ធ្វើការឃាត់ខ្លួនបានជនជាតិចិនទាំងសងខាងចំនួន០៤នាក់ យកមកប៉ុស្តិ៍ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្តង៕ធ.ដ

