ភេទទី៣ និងនារីរកស៊ីផ្លូវភេទ០៣នាក់ នៅម្តុំរង្វង់មូលវត្តភ្នំពេញ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅមន្ទីរសង្គមកិច្ច
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ មានបុរសម្នាក់ (ភេទទី៣) និងនារីរកសុីផ្លូវភេទ៣នាក់ ពាក់ព័ន្ធនឹងករណីរកសុីផ្លូវភេទ និងអ្នកចាប់ម៉ូយ ស្ថិតនៅចំណុចផ្លូវលេខ៩២,៩៤,៩៦ និង ជុំវិញរង្វង់មូលវត្តភ្នំ ត្រូវបានកម្លាំងជំនាញខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១០ រហូតទៅដល់វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ដោយសមត្ថកិច្ចប្រមូលបានសរុបចំនួន០៤នាក់ ក្នុងនោះមាន ភេទទី៣ម្នាក់ និងនារី០៣នាក់។
បច្ចុប្បន្ននេះ សមត្ថកិច្ចបានបញ្ជូនស្ត្រីអ្នកទាំង៤ ទៅមន្ទីរសង្គមកិច្ច និងស្តានីតិសម្បទា រាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនឹងបន្តអនុវត្តជាប់ជាប្រចាំផងដែរ៕ធ.ដ