អ្នកឃ្លាំមើល៖ អឺរ៉ុបត្រូវមានផែនការបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន ទ្វេដង

បរទេស៖ វិទ្យាស្ថានស្រាវជ្រាវដែលឃ្លាំមើលជំនួយបាននិយាយ នៅថ្ងៃសុក្រនេះថា សហភាពអឺរ៉ុបត្រូវតែបង្កើនការផ្តល់ជំនួយផ្នែកយោធាទ្វេដង ដល់ប្រទេសអ៊ុយក្រែន ដើម្បីបំពេញចន្លោះដែលនៅសេសសល់ ពីសហរដ្ឋអាមេរិក បន្ទាប់ពីមានការរារាំងជាច្រើនខែ លើជំនួយថ្មីសម្រាប់អ៊ុយក្រែន ពីសំណាក់សភាអាមេរិក។

ជាមួយនឹងមូលនិធិដែលមានស្រាប់បានរីងស្ងួតអស់ទៅហើយនោះ គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងសហរដ្ឋអាមេរិកកំពុងរារាំងការផ្តល់ជំនួយយោធាថ្មី ចំនួន ៦០ ពាន់លានដុល្លារ បើទោះបីជាមេបញ្ជាការអ៊ុយក្រែន និងមន្ត្រីលោកខាងលិចបាននិយាយ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ទាហានអ៊ុយក្រែនកំពុងអស់គ្រាប់រំសេវក៏ដោយ។

វិទ្យាស្ថាន Kiel ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ បានអះអាងពីការដែលអឺរ៉ុបនឹងបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន ទ្វេដងនេះ តាមរយៈរបាយការណ៍ស្តីពីស្ថានភាពយោធា ហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ដែលរងការវាយលុកដោយសង្រ្គាម ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍បានអះអាងថា «វាមានភាពមិនប្រាកដប្រជាខ្ពស់ថា សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធាបន្ថែមទៀត នៅឆ្នាំ២០២៤នេះទេ»។ យោងតាមទិន្នន័យវិទ្យាស្ថាន Kiel ក៏បានបង្ហាញដែរថា អាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ចំនួន ៤២.២ពាន់លានអឺរ៉ូ ឬ ៤៥.៤ពាន់ដុល្លារអាមេរិករួចមកហើយ នៅចន្លោះ ពីខែកុម្ភៈ ឆ្នាំ ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ ជាទិន្នន័យផ្លូវការ គិតត្រឹមថ្ងៃទី១៥ ខែមករា។

រីឯ សហភាពអឺរ៉ុប និងសមាជិកទាំង ២៧ របស់ខ្លួនបានសន្យាថា នឹងផ្តល់ជំនួយយោធាចំនួន ៤៩.៧ ពាន់លានអឺរ៉ូចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ប៉ុន្តែទើបតែបានផ្តល់ ឬផ្តល់ប្រាក់ ត្រឹមតែ ៣៥.២ ពាន់លានអឺរ៉ូប៉ុណ្ណោះ។

លោក Christoph Trebesch នាយកស្រាវជ្រាវនៅវិទ្យាស្ថាន Kiel និងជាប្រធានផ្នែកតាមដានការគាំទ្រអ៊ុយក្រែន បាននិយាយថា «អឺរ៉ុបនឹងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងគាំទ្រផ្នែកយោធាបច្ចុប្បន្នរបស់ខ្លួនទ្វេដង ក្នុងករណីដែលមិនមានការគាំទ្របន្ថែមទៀត ពីសហរដ្ឋអាមេរិក» ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner