វេណេស៊ុយអេឡាព្យួរការិយាល័យសិទ្ធិមនុស្សរបស់ UN និងបណ្ដេញបុគ្គលិក
ការ៉ាកាស៖ ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ បានផ្អាកសកម្មភាពរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេស ហើយបានបញ្ជាឱ្យបុគ្គលិករបស់ស្ថាប័នពិភពលោកមួយនេះ ចាកចេញ ក្នុងរយៈពេល៧២ ម៉ោង នៅត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីអាជ្ញាធរបានឃាត់ខ្លួនសកម្មជនដ៏លេចធ្លោ គឺអ្នកស្រី Rocio San Miguel ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការឃុំខ្លួនសកម្មជនសិទ្ធិមនុស្សនេះ ហើយបានអំពាវនាវឱ្យ «ដោះលែងជាបន្ទាន់»។ ស្ត្រី វ័យ៥៧ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួន ថ្មីៗនេះ នៅក្នុងតំបន់អន្តោប្រវេសន៍ នាអាកាសយានដ្ឋាន ក្នុងទីក្រុងការ៉ាកាស ដែលបង្កឱ្យមានការរិះគន់ ជាអន្តរជាតិ។ រដ្ឋអាជ្ញាបានចោទប្រកាន់អ្នកស្រីពីបទ «ក្បត់ជាតិ» និង «អំពើភេរវកម្ម»។
រដ្ឋមន្ត្រីការបរទេសប្រទេសវេណេហ្ស៊ុយអេឡា លោក Yvan Gil បាននិយាយថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុវត្ត «តួនាទីមិនសមរម្យ» ហើយបានក្លាយទៅជា «ក្រុមហ៊ុនច្បាប់លក្ខណៈឯកជន នៃអ្នកធ្វើរដ្ឋប្រហារ និងភេរវករ ដែលឃុបឃិតគ្នា ជាអចិន្ត្រៃយ៍ ប្រឆាំងនឹងប្រទេសនេះ»។
លោកបាននិយាយថា ការសម្រេចចិត្តនឹងនៅតែចូលជាធរមាន រហូតទាល់តែទីភ្នាក់ងារមួយនេះ កែតម្រូវជាសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានធានាថា វេណេហ្ស៊ុយអេឡា នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារសិទ្ធិមនុស្ស ហៅកាត់ OHCHR នៅទីក្រុងហ្សឺណែវ ជាធម្មតា។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងប្រទេសវេណេស៊ុយអេឡា បានសម្តែងនូវការ សោកស្តាយចំពោះសេចក្តីប្រកាសនេះ ហើយកំពុងវាយតម្លៃ សម្រាប់ជំហានបន្ទាប់។
បញ្ហាទាំងនេះបានកើតឡើង នៅក្នុងឆ្នាំបោះឆ្នោត ដ៏ចម្រូងចម្រាស់ នៅវេណេហ្ស៊ុយអេឡា។ មានការចោទប្រកាន់ថា លោកប្រធានាធិបតី Maduro រារាំងគូប្រជែងដ៏សំខាន់ ដែលជំរុញឱ្យសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មប្រេង ឡើងវិញ បន្ទាប់ពីទើបតែមានការបន្ធូរបន្ថយនោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត