អភិបាលខេត្តបាត់ដំបងដាក់បទបញ្ជាម៉ឺងម៉ាត់ផ្អាក និងបិទទីតាំង ល្បែងស៊ីសងខុសច្បាប់
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងដែនដីខេត្ត ត្រូវ ចាត់វិធានការ ជាបន្ទាន់និងចុះត្រួតពិនិត្យអាជ្ញាបណ្ណអាជីវកម្មល្បែងអនឡាញទាំងអស់ដែលមានវត្តមាននៅក្នុងភូមិសាស្រ្តរបស់ខ្លួន។លោកបញ្ជាថា ត្រូវតែ ម៉ឺងម៉ាត់បំផុត និងបិទទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ ទាំងនោះមិនឱ្យមានជាដាច់ខាត។

ក្នុងកិច្ចប្រជុំនាសាលាខេត្តនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បញ្ជាក់ទៅកាន់មន្រ្តីនិងសមត្ថកិច្ចចូលរួមថា រដ្ឋបាល ខេត្ត ពុំមានសិទ្ធិចេញលិខិតអនុញ្ញាតណាមួយឱ្យ បើកអាជីវកម្មល្បែងផ្សង សំណាងនោះទេ។រដ្ឋបាលខេត្តបានត្រឹមសហការផ្ដល់ ទីតាំងតែ ប៉ុណ្ណោះ ។ចំណែកស្ថាប័នដែលមានសិទ្ធិចេញលិខិតអនុញ្ញាត ឱ្យបើក ដំណើរ ការការធ្វើអាជីវកម្មល្បែងអនឡាញ គឺ គណៈកម្មការគ្រប់គ្រង ល្បែង ពាណិជ្ជកម្មកម្ពុជាហៅកាត់ថា គ.ល.ក ជាអ្នកផ្តល់សិទ្ធិនិង អាជ្ញាបណ្ណ។

ឯកឧត្តម សុខ លូ លើកឡើងថា គ្រប់ទីតាំងល្បែងផ្សងសំណាង ទាំងឡាយ ណាដែលគ្មានលិខិតអនុញ្ញាតបើក សាខា ដែលចេញ ដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវតែចាត់វិធាន ការបិទផ្អាកជាបន្ទាន់ តែក៏មិនត្រូវយកទោសពៃ៍ដល់ម្ចាស់ ទីតាំង អាជីវកម្ម ទាំងនោះដែរ។

ឯកឧត្តមអភិបាលខេត្តបន្តដោយកត់សម្គាល់ថា គ្រប់ទីតាំងបនល្បែង អនឡាញគ្រប់ប្រភេទ ជាពិសេសល្បែងឡូតូ មានការរីក ដុះដាលជា ច្រើនកន្លែងរហូតដល់មូលដ្ឋានដែលទីតាំងទាំងនោះ ភាគច្រើនបំផុត គឺគ្មានលិខិតអនុញ្ញាតឱ្យបើកសាខានោះទេ។ដូច នេះគ្រប់កងកម្លាំង មានសមត្ថកិច្ចនិងអាជ្ញាធរក្រុងឮស្រុកត្រូវតែចុះត្រួតពិនិត្យនិងចាត់វិធានការបិទផ្អាកជាបន្ទាន់និងត្រូវរាយការណ៍មករដ្ឋបាលខេត្តផងដែរ។

បទបញ្ជារបស់អភិបាលខេត្តបាត់ដំបងបានធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញ បទបញ្ជា ឱ្យ គ្រប់អភិបាលរាជធានីខេត្តត្រូវតែចាត់វិធានការជាបន្ទាន់ចុះត្រួតពិនិត្យពីការបើកលេងល្បែងផ្សងសំណាង ខុសច្បាប់គ្រប់រូបភាពនៅតាម មូលដ្ឋាន នានា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន
