កសិករស្រុកឯកភ្នំរួចផុតពីក្តីបារម្ភខ្វះទឹក ខណៈស្រូវប្រាំងធ្វើបាន ជិតមួយម៉ឺនហិកតា

បាត់ដំបង៖ខណៈស្រុកខ្លះប្រឈមកង្វះទឹកស្រោចស្រពស្រូវប្រាំង ចំណែកស្រុកឯកភ្នំមិនមានការបារម្ភពីបញ្ហានេះទេដោយសារ តែ កន្លែងដាំដុះស្រូវប្រាំង ដែលសម្រេចបានជិតមួយម៉ឺនហិកតានោះ មានប្រភពទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់។

អាន៖ដោយពេញចិត្តចំពោះការឧស្សាហ៍ព្យាយាមរបស់កសិករ លោក ម៉ិល សុផលអភិបាលស្រុកឯកភ្នំបាននិយាយ ថាការបង្ក បង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករនៅទូទាំងស្រុកឯកភ្នំជិតមួយម៉ឺនហិកតាជាតួលេខមួយខ្ពស់លើសពីផែនការកំណត់។ជា អំណោយផលស្រូវស្រែមិនប្រឈមពីបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពទេពីព្រោះមានប្រភពទឹកគ្រប់គ្រាន់។ពេលនេះស្រូវកំពុង លេងខ្លួននិងខ្លះទុំ ខ្លះកំពុងច្រូតកាត់ គួរឱ្យត្រេកអរ។

កត្តាដែលនាំឱ្យស្រុកឯកភ្នំមិនបារម្ភពីកង្វះទឹកស្រោច ត្រូវបាន លោកអភិបាលស្រុកបញ្ជាក់ថា ដោយសារតែស្រុករបស់លោក ទទួលបាននូវទំនប់ស្ទាក់ទឹកសាលាតាអន ដែលជាអំណោយ របស់រាជរដ្ឋាភិបាល និងការកែលម្អស្ដារអាងភាសតាមរយៈដែគូ អភិវឌ្ឍន៍ដែលជាកំណប់ឃ្លាំងស្ដុកទឹកដើម្បីផ្គត់ផ្គង់នៅពេលមានតម្រូវការចាំបាច់។លោកបន្ថែមថា អាងភាសក៏បានផ្តល់ការ ស្រោច ស្រពផ្នែកខ្លះនៃស្រុកថ្មគោល ខេត្តបាត់ដំបង ផងដែរ។

បច្ចុប្បន្នស្រូវប្រាំងនៅក្នុងស្រុកឯកភ្នំមួយផ្នែកធំបាននិងកំពុងពេញលូតលាស់ល្អនិងមួយចំនួនទៀតក៏ចាប់ផ្តើមទុំបណ្តើរៗនិងកំពុងតែច្រូតកាត់ប្រមូលផលដោយទទួលបានទិន្នផលខ្ពស់និងមានតម្លៃសមរម្យ។

ដោយត្រេកអរពីការប្រមូលផលស្រូវរបស់ខ្លួនប្រជាកសិករនៅទីនោះបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកឯកភ្នំដែលតែងតែ ចុះជួយឈឺឆ្អាលក្នុងការចុះអន្តរាគមន៍បានទាន់ពេលវេលាដោយនាំយកទឹកជួយសង្រ្គោះស្រូវប្រាំងទើបធ្វើឱ្យស្រូវពួកគាត់មិនខ្វះទឹកហើយលូតលាស់បានល្អថែមទាំងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ។អ្វីដែលប្រជាកសិករកាន់តែសប្បាយចិត្តទៀតនោះតម្លៃ ស្រូវឆ្នាំ នេះលក់ចេញបានខ្ពស់គួរសមធ្វើឱ្យពួកគាត់ទទួលបានផលចំណេញច្រើន។

កសិករក៏បានសំណូមពរដល់ក្រុមឈ្មួញ សូមបន្តប្រមូលទិញផល ស្រូវរបស់ពួកគាត់ នៅក្នុងតម្លៃមួយសមរម្យដែលអាច ទទួល បានផលចំណេញទាំងអស់គ្នា ។មិនត្រូវមានគំនិតទិញទម្លាក់តម្លៃ តាមមាត់នោះទេ៕
(អត្ដបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner