ប្រមុខការទូតអាមេរិក និងចិនជួបគ្នានៅអាល្លឺម៉ង់

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ក្នុងថ្ងៃសុក្រនេះ បានលើកឡើងពីក្តីបារម្ភ ជុំវិញការគាំទ្ររបស់ចិនដល់រុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាជាមួយប្រមុខការទូតចិន លោក វ៉ាង យី ដែលបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មលើអង្គភាពរបស់ចិន។

កិច្ចប្រជុំរវាងលោក ប្លីងគែន និងលោក វ៉ាង នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ធ្វើឡើងស្របពេលដែលប្រទេសមហាអំណាចទាំងពីរ មានភាពតានតឹង ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់, ពាណិជ្ជកម្ម និងសិទ្ធិមនុស្ស ជាពិសេសការគាំទ្ររបស់ចិនចំពោះសង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller និយាយថា លោក ប្លីងគែន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តអនុវត្តវឌ្ឍនភាពដែលសម្រេចបាន ក្នុងអំឡុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកា រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជីនពីង។ ជាការឆ្លើយតប លោក វ៉ាង បានបញ្ជាក់ថា ភាគីទាំងពីរត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយភាពរឹងមាំ និងនិរន្តរភាព។

ក្រសួងការបរទេសចិនបានលើកឡើងថា ប្រមុខការទូតទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និងស្ថាបនា ដោយលោក វ៉ាង បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មឯកតោភាគីខុសច្បាប់ប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលចិន។ បន្ថែមលើនេះ លោក វ៉ាង ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការយាយីពលរដ្ឋចិន ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មចិន និង សហរដ្ឋអាមេរិក មានទឹកប្រាក់ ៦៦៤ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ ធ្លាក់ចុះ ១១.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner