ពលរដ្ឋជាង ១០ម៉ឺននាក់ ជួបជុំគ្នាចាប់ត្រីបែបបុរាណ នៅបឹងត្រពាំងក្រម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

គូសបញ្ជាក់ថា ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកម្សាន្ដ ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា៖

  • លេខ១ ទទួលបានថវិកាចំនួន ៥០០,០០០រៀល
  • លេខ២ ទទួលបានថវិកាចំនួន ៤០០,០០០រៀល
  • លេខ៣ ទទួលបានថវិកាចំនួន ៣០០,០០០រៀល
  • លេខ៤ ទទួលបានថវិកាចំនួន ២០០,០០០រៀល
  • លេខ៥ ទទួលបានថវិកាចំនួន ១០០,០០០រៀល
  • លេខ៦ ដល់លេខ១០ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ព្រមទាំងចែកជូននូវនំបញ្ចុកសម្លខ្មែរ និងត្រីស្រស់ ចំនួន៣០០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមនាកម្មវិធីនេះផងដែរ។

សូមជម្រាបថា តំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និងត្រកជាដើម៕ FN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner