កាណាដាហៅលោក ពូទីន ថាជា “បិសាច”
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ក្នុងថ្ងៃសុក្រនេះ បានហៅការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny ថាជា “សោកនាដកម្មមួយ” ហើយថា រឿងនេះបានសបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រៀបដូចជា “បិសាច”។
ថ្លែងទៅកាន់ក្រុមមេដឹកនាំធុរកិច្ចកាណាដា លោក ទ្រូដូ បានសរសើរភាពក្លាហានមិនធម្មតារបស់លោក Navalny មេបក្សប្រឆាំងរុស្ស៊ី ដែលហ៊ានក្រោកឈរឡើង ដើម្បីសេរីភាពជាមូលដ្ឋាន និង ដើម្បីលទ្ធិប្រជាធិបតេយ្យ។
បន្ថែមលើនេះ លោក ទ្រូដូ បានជំរុញឱ្យប្រជាជនកាណាដារួមគ្នាគាំទ្រការប្រឆាំងនឹងលោក ពូទីន ជាពិសេសទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យ ក៏ដូចជាអស្ថិរភាពមិនធ្លាប់មានពីមុនមក។
លោក Alexei Navalny បានស្លាប់នៅថ្ងៃទី១៦ ខែកុម្ភៈ នៅអាយុ ៤៧ឆ្នាំ នៅក្នុងពន្ធនាគារមួយក្នុងប្រទេសរុស្ស៉ី ជាទីដែលលោកកំពុងអនុវត្តទោសជាប់ឃុំរយៈពេល១៩ឆ្នាំ។ មន្ត្រីពន្ធនាគាររុស្ស៉ីនិយាយថា លោក Navalny បានសន្លប់បាត់បង់ស្មារតី ក្រោយពីដើរហាត់បា្រណ ហើយត្រូវបានជួយសង្រ្គោះពីក្រុមគ្រូពេទ្យដែរ តែមិនអាចសង្រ្គោះជីវិតលោកបាន។
មូលហេតុស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ខណៈគណៈកម្មាធិការស៊ើបអង្កេតមួយរបស់រុស្ស៉ីថា ខ្លួនបានបើកការស៊ើបអង្កេតមួយ។
ទន្ទឹមនឹងមរណៈភាពរបស់លោក Navalny នេះដែរ បាននាំឱ្យផ្ទុះការតវ៉ានៅខាងក្រៅស្ថានទូតរុស្ស៊ី នៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប៉ូឡូញ អេស្ប៉ាញ និងអាល្លឺម៉ង់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

