ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺននាក់ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆ្នាំ២០២៣កន្លងទៅនេះ មានមនុស្សចូលរួមពិធីចាប់ត្រីនេះប្រមាណ ៦ម៉ឺននាក់ ដែលធ្វើអោយ ចំនួននេះមានការកើនឡើង។ នេះបើយោងតាមការបញ្ជាក់ពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគ្រាដែលកម្មវិធីនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អញ្ជើញចូលរួម នៅក្នុងពិធីចាប់ត្រីនេះ។
ថ្លែងនៅក្មុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ពីការ យក ចិត្តទុកដាក់ទៅលើពិធីចាប់ត្រីនៅក្នុងបឹងត្រពាំងក្រមពីសំណាក់រដ្ឋបាលខេត្ត ស្រុក ដែលមានតំណរតពីបុរាណរៀងមកដល់បច្ចុប្បន្ននេះ ហើយនិងបន្តតទៅ អនាគត ។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវអោយបងប្អូន តាយាយ ដែលចុះចាប់ត្រី នៅ ក្នុង បឹងត្រពាំងក្រម ហើយត្រូវចេះយល់អធ្យាស្រ័យគ្នា នេសាទ ឬចាប់ត្រីដោយប្រុង ប្រយ័ត្ន ដោយសេចក្តីសប្បាយ នៅក្នុងឱកាសនៃការជួបជុំគ្នានាឱកាសនេះ។
បើយោងតាមអាជ្ញាធរមូលដ្ឋាន ដែលជាម្ចាស់ទឹកដីពីយូរលង់ណាស់មកហើយ បានអោយ ដឹងថា ត្រពាំងក្រមដែលមានប្រពៃណីទំនៀមទម្លាប់ក្នុងការនេសាទ ដែលបានបន្សល់ទុកជាយូរ លង់ណាស់មកហើយ។ ត្រពាំងក្រមមានផ្ទៃដី សរុប ប្រហែល ៣០ហិចតា ជាដីលិចទឹកនៅ រដូវវស្សាដែលបងប្អូនប្រជាពលរដ្ឋទូទាំងឃុំជាំ ក្រវៀនរក្សាទុក ជាដីសាធារណៈ”។ ក៏ប៉ុន្តែ ផ្ទៃទឹកដែលគេចុះនេសាទត្រីក្នុងត្រពាំ ង មាន ប្រហែលជា ១ហិចតា ដែល ជាផ្ទៃទឹក សមល្មមនឹងងាយស្រួលក្នុងការចាប់ត្រី។ ពិធីចាប់ត្រីត្រពាំង ក្រមនេះ មានតំណរតមក ប្រមាណជា២០០ ឆ្នាំមក ហើយ ដែលបងប្អូនពីសម័យកាលមួយ ទៅសម័យកាលមួយបានធ្វើពិធីនេះជាបន្តបន្ទាប់ រហូតដល់ពេលបច្បន្ននេះ។
គួរបញ្ជាក់ផងដែរ នៅក្នុងពិធីចាប់ត្រីនៅក្នុងត្រពាំងក្រមនេះ ត្រូវរៀបចំ និងគាំទ្រពី រដ្ឋបាល ខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីផ្នែកពាក់ព័ន្ធ ក៏ដូចជា ផ្នែកឯកជន ដោយមានការប្រគុំតន្រី្ត ជូនដល់បងប្អូនប្រជាពលរដ្ឋមកទស្សនា កម្សាន្ត ដោយផ្ទាល់។ សំរាប់ត្រីដែលបងប្អូនប្រជាពលរដ្ឋចាប់បានច្រើន ក៏អាចយកមក ថ្លឹងគីឡូ និងទទួលបានប្រាក់រង្វាន់ទៅតាមការចាប់ត្រីបានតិចឬច្រើន ពី ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ផងដែរ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព គឹម ចំរ៉ុង










