រុស្ស៊ីអនុញ្ញាតឱ្យអេក្វាឌ័រនាំចូលចេកឡើងវិញ
MC.មូស្គូ៖ ប្រទេសអេក្វាឌ័រ នៅថ្ងៃសៅរ៍សប្តាហ៍នេះ បានស្វាគមន៍ចំពោះការដកបម្រាមរបស់រុស្ស៊ី លើការនាំចូលចេក ពីប្រជាជាតិអាមេរិកខាងត្បូង ចំពេលមានជម្លោះជុំវិញកិច្ចព្រមព្រៀងជួញដូរអាវុធ។
Read. រដ្ឋមន្ត្រីពាណិជ្ជកម្មអេក្វាឌ័រ លោកស្រី Sonsoles Garcia បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ការហាមឃាត់របស់រុស្ស៊ី លើក្រុមហ៊ុននាំចេញចេកចំនួន៥ បានដកចេញវិញហើយ។ នេះជាដំណឹងល្អ ដែលការនាំចេញចេកអេក្វាឌ័រទៅកាន់ប្រទេសរុស្ស៊ី អាចដំណើរការ ១០០ភាគរយវិញហើយ។
យើងនឹងបន្តធ្វើការបន្ថែមទៀត ដើម្បីធានាលំហូរពាណិជ្ជកម្មជាមួយរុស្ស៊ី ដែលជាទិសដៅសំខាន់សម្រាប់ការនាំចេញកសិផលរបស់យើង។ ការហាមឃាត់ការនាំចូលចេកនេះធ្វើឡើង បន្ទាប់ពីមានជម្លោះនយោបាយ ជុំវិញការជួញដូរអាវុធ ក្រោយអេក្វាឌ័រកាលពីខែមករា បានយល់ព្រមជួញដូរឧបករណ៍យោធាចាស់ៗរបស់រុស្ស៊ីទៅឱ្យសហរដ្ឋអាមេរិក ដើម្បីទិញអាវុធថ្មីមកវិញក្នុងតម្លៃ ២០០លានដុល្លារ។
សហរដ្ឋអាមេរិកបានលើកទឹកចិត្តប្រទេសដែលមានស្តុកអាវុធរបស់សូវៀត ឱ្យបញ្ជូនស្តុកអាវុធទាំងនោះ ទៅឱ្យប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា អេក្វាឌ័រគឺជាប្រទេសនាំចេញចេកដ៏ធំបំផុតរបស់ពិភពលោក និងជាប្រទេសនាំចេញផ្កាកំពូលមួយដែរ ភាគច្រើនជាផ្កាកុលាប។
ការហាមឃាត់នាំចូលចេកពីអេក្វាឌ័រកើតឡើង បន្ទាប់ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារុស្ស៊ីបានអះអាងថា រកឃើញសត្វល្អិតនៅក្នុងចេកដែលបាននាំចេញជើងមុន។ បើតាមសារព័ត៌មាន Bloomberg បម្រាមរបស់រុស្ស៊ី អាចនឹងប៉ះពាល់ដល់ ៣០ភាគរយនៃការនាំចូលផ្លែឈើរបស់ប្រទេសខ្លួន ដែលសរុបមានតម្លៃ ៧០០លានដុល្លារក្នុងមួយឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

