ប្រមុខ UN អំពាវនាវឱ្យស៊ើបអង្កេតលើការស្លាប់របស់លោក Navalny
អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres នៅថ្ងៃសៅរ៍នេះ អំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើការស្លាប់នៅក្នុងពន្ធនាគាររបស់លោក Alexei Navalny ដែលជាអ្នករិះគន់ដ៏លេចធ្លោលើវិមានក្រឹមឡាំង។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និយាយថា លោក Gutteres មានការតក់ស្លុតចំពោះដំណឹងនៃការស្លាប់នៅក្នុងពន្ធនាគាររបស់លោក Alexei Navalny មេបក្សប្រឆាំងដ៏លេចធ្លោនៅរុស្ស៊ី។
ជាមួយគ្នានេះ លោក Guterres បានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញ, គួរឱ្យទុកចិត្ត និងមានតម្លាភាព ពាក់ព័ន្ធនឹងការទទួលមរណភាពរបស់លោក Navalny នៅក្នុងពន្ធនាគារ។ លោក Navalny បានស្លាប់កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ ក្នុងអាយុ ៤៧ឆ្នាំ នៅក្នុងពន្ធនាគារមួយក្នុងប្រទេសរុស្ស៉ី ជាទីដែល លោកកំពុងអនុវត្តទោសជាប់ឃុំរយៈពេល១៩ឆ្នាំ។
តាមមន្ត្រីពន្ធនាគាររុស្ស៉ី លោក Navalny បានសន្លប់បាត់បង់ស្មារតី ក្រោយពីដើរហាត់បា្រណ ហើយត្រូវបានជួយសង្រ្គោះពីក្រុមគ្រូពេទ្យដែរ តែមិនអាចសង្រ្គោះជីវិតលោកបាន។
គួរបញ្ជាក់ថា លោក Navalny មានឈ្មោះបោះសំឡេង និងទទួលភាពល្បីល្បាញ តាមរយៈការលាតត្រដាងការពិត ហើយនិយាយរិះគន់ចំៗ ប្រឆាំងនឹងអំពើពុករលួយក្នុងរដ្ឋាភិបាលរបស់លោក ពូទីន។
លោក Navalny កាលពីឆ្នាំ ២០២០ ធ្លាប់ត្រូវបានគេបំពុល ហើយប្រើពេលរាប់ខែព្យាបាលនៅអាល្លឺម៉ង់ មុនពេលត្រឡប់មករុស្ស៊ីវិញ ហើយត្រូវចាប់ខ្លួនពីបទចោទប្រកាន់ពាក់ព័ន្ធនឹងហេតុផលនយោបាយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

