ឯកឧត្តម ឌិត ទីណា អនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូលជួបសម្តែងការគួរសម
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយដែលក្រុមហ៊ុនបានបង្ហាញនូវប្រភេទតួម៉ាសុីននីមួយៗ ដែលមានសារៈសំខាន់បម្រើដល់វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារវិស្វកម្មនេះដើរតួសំខាន់ណាស់ក្នុងការបង្កភាពងាយស្រួល និងចំណេញពេលវេលានិងថវិកា ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករឱ្យមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនមានការសិក្សាបច្ចេកទេស និងនវានុវត្តន៍ថ្មីបន្ថែមទៀតជួយដល់វិស័យកសិកម្ម និងដំណាំសក្តានុពលដូចជា ស្រូវ ស្វាយចន្ទី ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និងតាមដានការងារវិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ព្រមទាំងបង្កើនការយល់ដឹងបច្ចេកទេសប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្តង់ដា និងមានប្រសិទ្ធភាព ៕
ប្រភព ៖ ក្រសួងកសិកម្ម






