ទីបំផុត អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin ត្រូវដោះលែងពីពន្ធនាគារហើយ

បាងកក ៖ លោក Thaksin Shinawatra នៅព្រឹកថ្ងៃអាទិត្យនេះ ត្រូវបានដោះលែងឱ្យមានសេរីភាព ចេញពីមន្ទីរពេទ្យប៉ូលិស និងបានវិលត្រឡប់ទៅផ្ទះរស់នៅជុំគ្រួសារវិញក្នុងទីក្រុងបាងកក ក្រោយរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ឆ្នាំ។

អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra មានវ័យ ៧៤ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យប៉ូលិស បន្ទាប់ពីសម្រាកព្យាបាលជំងឺធ្ងន់ និងគំរាមកំហែងដល់អាយុជីវិតអស់រយៈពេល ៦ខែ។ ក្រោយការដោះលែង លោក Thaksin ត្រូវបានគេឃើញពាក់អាវដៃវែង និងម៉ាស អង្គុយក្បែរកូនស្រីរបស់គាត់ គឺអ្នកនាង Paetongtarn និង Pintongta ក្នុងរថយន្តមួយគ្រឿង ធ្វើដំណើរចេញពីមន្ទីរពេទ្យប៉ូលិស នាវេលាម៉ោង ៦ និង០៩នាទីព្រឹកថ្ងៃអាទិត្យនេះ។

សូមជម្រាបថា លោក Thaksin ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃចំនួន២អាណត្តិ និងត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារក្នុងឆ្នាំ ២០០៦ បានជាប់ឃុំក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកធ្វើមាតុភូមិនិវត្តន៍ត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់ ១៥ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ។

ដំបូងឡើយ លោក Thaksin ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍។ តែទោសនេះ ព្រះមហាក្សត្រ មហាវជ្ជរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសជាប់ពន្ធនាគារពី ៨ឆ្នាំ មកនៅត្រឹម ១ឆ្នាំ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញ និងបានអនុវត្តទោសជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យមួយរបស់ប៉ូលិស ដោយសារបញ្ហាសុខភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner