លោកស្រី Harris ៖ អាមេរិកមិនគួរលេងល្បែងនយោបាយ ជុំវិញការផ្តល់ជំនួយដល់អ៊ុយក្រែនទេ
ប៊ែរឡាំង៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស នៅថ្ងៃសៅរ៍នេះនិយាយថា សហរដ្ឋអាមេរិកមិនគួរលេងល្បែងនយោបាយ ក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនឡើយ ខណៈដែលជម្លោះនៅក្នុងសភាអាមេរិករារាំងការគាំទ្រផ្នែកយោធាមានទឹកប្រាក់ ៦០ពាន់លានដុល្លារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លោកស្រី ហារីស និយាយថា ការអនុម័តថវិកា ៦០ពាន់លានដុល្លារសម្រាប់ជាជំនួយផ្នែកយោធាដល់អ៊ុយក្រែន គឺទាក់ទងនឹងការគាំទ្ររបស់អាមេរិក ដូច្នេះយើងមិនគួរស្ទាក់ស្ទើរ ឬប្រើវាជាល្បែងនយោបាយនោះទេ។
មេដឹកនាំទាំងពីរបានធ្វើសន្តិសីទកាសែតរួមគ្នា បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះ លោក ហ្សេលេនស្គី និយាយថា លោកមិនគិតថា ដៃគូយុទ្ធសាស្ត្ររបស់យើង នឹងអនុញ្ញាតឱ្យខ្លួនបញ្ឈប់ការគាំទ្រដល់អ៊ុយក្រែននោះទេ។
ជាមួយនឹងមូលនិធិដែលមានស្រាប់ជិតរីងស្ងួតអស់ទៅហើយនោះ គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តអាមេរិក កំពុងរារាំងការផ្តល់ជំនួយយោធាថ្មីចំនួន ៦០ពាន់លានដុល្លារដល់អ៊ុយក្រែន បើទោះបីជាមេបញ្ជាការអ៊ុយក្រែន និងមន្ត្រីលោកខាងលិចបាននិយាយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ទាហានអ៊ុយក្រែនកំពុងអស់គ្រាប់រំសេវក៏ដោយ។
បើតាមទិន្នន័យរបស់វិទ្យាស្ថាន Kiel ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនចំនួន ៤២.២ពាន់លានអឺរ៉ូ ឬ ៤៥.៤ពាន់ដុល្លារអាមេរិករួចមកហើយ នៅចន្លោះពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ ជាទិន្នន័យផ្លូវការ គិតត្រឹមថ្ងៃទី១៥ ខែមករា។
រីឯ សហភាពអឺរ៉ុប និងសមាជិកទាំង ២៧ របស់ខ្លួនបានសន្យាថា នឹងផ្តល់ជំនួយយោធាចំនួន ៤៩.៧ពាន់លានអឺរ៉ូ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ប៉ុន្តែទើបតែបានផ្តល់ប្រាក់ត្រឹមតែ ៣៥.២ពាន់លានអឺរ៉ូប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





