រដ្ឋបាលរបស់លោក ត្រាំ កំពុងត្រៀមពន្លឿនការពិនិត្យមើលជុំដំបូងទៅលើជនស្វែងរក សិទ្ធិជ្រកកោន

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុង ត្រៀមខ្លួនដើម្បីពន្លឿនការពិនិត្យមើលជុំដំបូង ទៅលើជនស្វែងរកសិទ្ធិជ្រកកោន ដោយនឹងត្រូវសម្ភាសន៍ជនអន្តោប្រវេសន៍ទាំងនោះក្នុងរយៈពេល២៤ម៉ោង។

មន្ត្រីទទួលបន្ទុកផ្ដល់សិទ្ធិសុំជ្រកកោនជាទូទៅត្រូវរង់ចាំរយៈពេល៤៨ម៉ោងទើបអាចសម្ភាសន៍ និងស្ដាប់ករណីរបស់ជនអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានឃុំឃាំង បន្ទាប់ពីឆ្លងចូលមកសហរដ្ឋអាម៉េរិកបាន។ ក៏ប៉ុន្តែនាយកស្ដីទីនៃទីភ្នាក់ងារផ្ដល់សិទ្ធិ និងអន្តោប្រវេសន៍អាម៉េរិក USCIS លោក Ken Cuccinelli បានណែនាំឲ្យមន្ត្រីរបស់ខ្លួនសម្ភាសន៍ជនអន្តោប្រវេសន៍ ដែលត្រូវបានឃុំឃាំងក្នុងរយៈពេល២៤ម៉ោង។

ដោយឡែកអ្នកស្រី Jessica Collins ដែលជាអ្នកនាំពាក្យទីភ្នាក់ងារផ្ដល់សិទ្ធិ និងអន្តោប្រវេសន៍អាម៉េរិកបានបញ្ជាក់ដែរថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿនដំណើរការត្រួតពិនិត្យនេះឲ្យកាន់តែមានប្រសិទ្ធភាព ស្ថាប័នរបស់លោកស្រីកំពុងតែកែប្រែរយៈពេលសម្ភាសន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។ ថ្វីត្បិតតែអ្នកស្រី Collins មិនបានបញ្ជាក់ថាតើលិខិតណែនាំថ្មីនោះ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅពេលណាក៏ដោយ ក៏ប៉ុន្តែអ្នកស្រីបាននិយាយថា ការណ៍នេះនឹងជួយពន្លឿនដំណើរការត្រួតពិនិត្យឲ្យកាន់តែលឿន និងជួយទប់ស្កាត់ការរាំងស្ទះការងារ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner