ប្រធានាធិបតីប្រេស៊ីលចោទអ៊ីស្រាអែលថា ធ្វើអំពើប្រល័យពូជសាសន៍ នៅហ្គាហ្សា
បរទេស៖ លោក Lula ប្រធានាធិបតីនៃប្រទេសប្រេស៊ីលបានថ្លែងចោទប្រកាន់ចំៗ លើអ៊ីស្រាអែលថា បាននិងកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានតបវិញថា គឺជាចោទប្រកាន់ដ៏ធ្ងន់ធ្ងរ និងគួរឲ្យអាម៉ាស់។
ការចោទប្រកាន់នេះបានធ្វើឡើង កាលពីចុងសប្តាហ៍។ លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ថែមទាំងបានប្រៀបធៀបសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែល ដូចទៅនឹងយុទ្ធនាការរបស់ លោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler) មេដឹកនាំផ្ដាច់ការជនជាតិអាល្លឺម៉ង់ កាលពីពេលដែលមានការសម្លាប់ជនជនជាតិជ្វីហ្វ។ លោកបញ្ជាក់ថា នេះមិនមែនជាសង្រ្គាមទេ វាគឺជាការប្រល័យពូជសាសន៍។ បុរសឆ្វេងនិយម វ័យ៧៨ឆ្នាំរូបនេះ បានបន្ថែមថា «វាមិនមែនជាសង្រ្គាមរវាងទាហាននិងទាហាននោះទេ។ វាជាសង្រ្គាមរវាងកងទ័ព និងស្ត្រី ព្រមទាំងកុមារ» ។
ជាការឆ្លើយតប កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅការអត្ថាធិប្បាយរបស់លោក Lula ថា «គួរឱ្យអាម៉ាស់ និងធ្ងន់ធ្ងរ» ហើយបាននិយាយថា រដ្ឋាភិបាលរបស់លោកបានទូរស័ព្ទទៅកាន់ឯកអគ្គរដ្ឋទូតប្រេស៊ីល ដើម្បីបញ្ជាក់លម្អិតពីរឿងនេះ។
លោក Lula បានប្រាប់អ្នកយកព័ត៌មាន អំពីការចោទប្រកាន់បែបនេះ នៅទីក្រុង Addis Ababa ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់សហភាពអាហ្រ្វិក។ ការអត្ថាធិប្បាយរបស់លោកបានទាក់ទាញការសរសើរពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលចាត់ទុកការចោទនេះ ជាការពិពណ៌នា ត្រឹមត្រូវ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត