ឯកឧត្តម សេង ធារិន ៖ សហព័ន្ធបញ្ចស៊ីឡាត់ ផ្តល់ឱកាសឱ្យគ្រប់ភាគី រួមស្មារតីគ្នា ដើម្បីស្វែងរកមេដាយជូនជាតិ
(ភ្នំពេញ)៖ ក្នុងអង្គមហាសន្និបាត អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ដែលបាន ប្រារព្ធ ធ្វើឡើង នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងថា សហព័ន្ធផ្ដល់ឱកាសដល់សមាជិកគណៈកម្មាធិការប្រតិបត្តិ មន្រ្តីបច្ចេកទេស កីឡាករ កីឡាការិនីមកពីមជ្ឈដ្ឋានផ្សេងៗគ្នា មានស្មារតីរួមគ្នាក្នុងការរៀបចំឱ្យមានសហព័ន្ធកីឡាជាតិថ្មីមួយនេះ ដោយឈរលើស្មារតីនៃមហាគ្រួសារកីឡា។
ឯកឧត្តម សេង ធារិន គូសបញ្ជាក់ថា ក្នុងនាមជាប្រធានដឹកនាំ សូមជំរុញឱ្យសមាជិកប្រតិបត្តិសហព័ន្ធ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនី ពង្រឹងជំនាញបន្ថែមទៀត ដើម្បីធានាបានថា បញ្ចស៊ីឡាត់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួត កម្រិតជាតិ និងអន្តរជាតិ នាពេលអនាគត។ ជាមួយគ្នានេះ មន្ត្រីអាជ្ញាកណ្ដាលចៅក្រម ដែលអាចកាត់សេចក្តី និងដាក់ពន្ទុបាន ហើយជាពិសេស កីឡាករ កីឡាការិនីដែលមានឆន្ទៈ មានវិន័យ និងក្រមសីលធម៌ល្អ និងគុណផលខ្ពស់ ដើម្បីយកជ័យជម្នះ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍អន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ណយ ផាណា តំណាងឯកឧត្តម ថោង ខុន ប្រធាន NOCC បានវាយតម្លៃខ្ពស់ចំពោះស្មារតីរួមគ្នា នៅក្នុងអង្គមហាសន្និបាត ដែលមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីការអភិវឌ្ឍជំនាញកីឡានេះឱ្យមានការរីកចម្រើន។ ឯកឧត្តមបន្ថែមថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងនៅប្រទេសកម្ពុជា ក៏យើងបានរៀបចំការប្រកួតប្រភេទកីឡាបញ្ចស៊ីឡាត់នេះដែរ ដោយប្រភេទកីឡាជាច្រើនរបស់កម្ពុជាបានរួមគ្នាដណ្តើមបានមេដាយជាច្រើនជូនជាតិមាតុភូមិ ប្រកបដោយមោទកភាពជាតិ ដែលជាកំណត់ត្រាប្រវត្តិសាស្រ្ត ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

គួរបញ្ជាក់ថា មហាសន្និបាតសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ក្រោមការផ្តល់សេចក្តីទុកចិត្តជាឯកច្ឆ័ន គឺមានសមាសភាពគណៈកម្មាធិការប្រតិបត្តិ គឺ ឯកឧត្ដម សេង ធារិន ប្រធានសហព័ន្ធ ឯកឧត្ដម សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៧រូប លោក អ៊ួ តារា ជាអគ្គលេខាធិការ លោក វី តារ៉ា អគ្គលេខាធិការរង លោក អ៊ុង ដារិទ្ធ អគ្គលេខាធិការរង ខណៈលោក អឿន រស្មី ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិកចំនួន ១៤នាក់បន្ថែមទៀត ៕


អត្ថបទ-រូបភាព ចាន់ វិចិត្រ