សហរដ្ឋអាមេរិកវាយប្រហារថ្មីទៀតលើប្រព័ន្ធសព្វាវុធក្រុមហ៊ូទី

វ៉ាស៊ីនតោន៖ យោធាអាមេរិក នៅថ្ងៃអាទិត្យម្សិលមិញ និយាយថា កងកម្លាំងអាមេរិកនៅសមុទ្រក្រហម បានបើកការវាយប្រហារចំនួន ៥លើកដោយជោគជ័យ ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហារតាមផ្លូវគោក និងសមុទ្រ ចេញពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី នៃប្រទេសយេម៉ែន។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM និយាយថា ការវាយប្រហារទាំងនេះធ្វើឡើងនៅចន្លោះម៉ោង ៣រសៀល ដល់ម៉ោង ៨យប់ថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) ជាផ្នែកមួយនៃសកម្មភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការប្រឆាំងនឹងក្រុមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ពីការវាយប្រហារម្តងហើយម្តងទៀតទៅលើផ្លូវដឹកជញ្ជូននៅតំបន់សមុទ្រក្រហម។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារទាំង៥លើក ក្នុងនោះបានកំណត់គោលដៅលើទីតាំងការងាររបស់ក្រុមហ៊ូទី ដែលរកឃើញជាលើកដំបូងដោយនាវាក្រោមទឹកគ្មានមនុស្សបើក ហៅកាត់ថា (UUV) ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមនៅក្នុងខែតុលា។

ការប្រើប្រាស់នាវាបែបនេះគឺកម្រណាស់។ ចំណែកគោលដៅដទៃទៀត រួមមានមីស៊ីលប្រឆាំងនាវា និងនាវាក្រោមទឹកគ្មានមនុស្សបើក នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី នៃប្រទេសយេម៉ែន។ ការវាយប្រហារនេះ គឺដើម្បីធ្វើឱ្យដែនទឹកអន្តរជាតិមានសុវត្ថិភាព។
គួរបញ្ជាក់ថា ក្រុមឧទ្ទាមហ៊ូទីបានប្តេជ្ញាវាយប្រហារលើនាវាមានទិសដៅទៅព្រំដែនអ៊ីស្រាអែលទាំងអស់ ដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ ដែលមានចន្លោះពី ១០ភាគរយ ទៅ ១៥ភាគរយនៃពាណិជ្ជកម្មពិភពលោក ដើម្បីឆ្លើយតបនឹងសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ការវាយប្រហាររបស់ក្រុមហ៊ូទីនៅសមុទ្រក្រហម បានដំឡើងថ្លៃធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន និងបង្ខំនាវាជាច្រើនឱ្យគេចពីច្រកសមុទ្រក្រហម ដែលជាផ្លូវទឹកដ៏សំខាន់ ដោយជាធម្មតា រ៉ាប់រងការដឹកជញ្ជូនប្រហែល ១២ភាគរយនៃពាណិជ្ជកម្មតាមសមុទ្ររបស់ពិភពលោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner