ចិនដកបំរាមនាំចូលសាច់គោពីអេស្ប៉ាញ ក្រោយផ្អាកជាង២០ឆ្នាំ

ម៉ាឌ្រីដ៖ ប្រទេសចិន នៅថ្ងៃអាទិត្យម្សិលមិញ យល់ព្រមដកបម្រាមលើការនាំចូលសាច់គោពីប្រទេសអេស្ប៉ាញ។ ចាប់តាំងពីឆ្នាំ២០០០ ចិនបានដាក់បម្រាមលើការនាំចូលផលិតផលសាច់គោពីសហភាពអឺរ៉ុប ដោយសារតែមានករណីឆ្លងរោគជាច្រើន ពាក់ព័ន្ធនឹងជំងឺគោឆ្កួត ឬ spongiform bovine encephalopathy នៅក្នុងប្រទេសសមាជិកមួយចំនួននៃប្លុកអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេស្ប៉ាញ លោក ចូសេស ម៉ានូអែល អាល់បារេស នៅទីក្រុងខូដូបា ភាគខាងត្បូងប្រទេសអេស្ប៉ាញថា ការដកបម្រាមនេះ វាគឺជាដំណឹងល្អ ជាពិសេសសម្រាប់កសិករអេស្ប៉ាញ។ លោក វ៉ាង គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស នៅថ្ងៃចន្ទនេះផងដែរ មុនពេលបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង។

ប្រមុខការទូតកំពូលចិនបានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទសន្តិសុខដ៏ធំមួយនៅទីក្រុងមុយនិក ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាទីដែលគាត់បាននិយាយថា ប្រទេសចិននឹងក្លាយជា “កម្លាំងសម្រាប់ស្ថិរភាព” នៅលើពិភពលោក។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអេស្ប៉ាញ បានរក្សាកំណើនជាលំដាប់ ដែលបង្ហាញពីភាពធន់ និងភាពរឹងមាំ។ តួយ៉ាង បច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អេស្ប៉ាញនៅក្រៅសហភាពអឺរ៉ុប ខណៈដែលអេស្ប៉ាញក៏ជាដៃគូពាណិជ្ជកម្មធំជាងគេទី៦របស់ចិន។

ទិន្នន័យផ្លូវការបង្ហាញថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ការវិនិយោគសរុបរបស់អេស្ប៉ាញនៅចិន កើនលើសពី ៣.៨ពាន់លានអឺរ៉ូ ជាមួយនឹងក្រុមហ៊ុនជាង ៧៩០ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ខណៈដែលក្រុមហ៊ុនចិនបានវិនិយោគ ១៦ពាន់លានអឺរ៉ូនៅអេស្ប៉ាញ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។

ចំណែក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏បានកើនឡើងស្ទើរទ្វេដងផងដែរ ពីឆ្នាំ២០១៧ និងឆ្នាំ២០២២ ពី ៣២ពាន់លានអឺរ៉ូ ឬប្រហែល ៣៤.៨ពាន់លានដុល្លារ ដល់ ៥៧.៧ពាន់លានអឺរ៉ូ ឬប្រហែល ៦២.៩ពាន់លានដុល្លារ៕

ប្រភព៖ AFP និង CGTN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner