សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោក ថាក់ស៊ីន ក្នុងក្រុងបាងកក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចឯកជនច្រើនម៉ោង ក្នុងប្រទេសថៃ នៅថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤ ដើម្បីជួបជាមួយនឹងលោក ថាក់ស៊ីន ស៊្ហីណាវ៉ាត្រា ដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារ បន្ទាប់បានស្ម័គ្រចិត្តជាប់ក្នុងគុកជាច្រើនខែ ដើម្បីការទទួលទោសតាមការចោទប្រកាន់។ សម្តេចតេជោ ហ៊ុន សែន អាយុ៧១ឆ្នាំ និងលោក ថាក់ស៊ីន ស៊្ហីណាវ៉ាត្រា អាយុ ៧៤ឆ្នាំ គឺជាបងប្អូនធម៌រវាងគ្នាទៅវិញទៅមក។

សម្តេចតេជោ បានបង្ហោះរួបភាពក្នុងបណ្តាញសង្គមនៅថ្ងៃទី២១កុម្ភៈ សរសេរបញ្ជាក់ថា «ខ្ញុំបានមកសួរសុខទុក្ខបងធម៌ដល់ផ្ទះនៅទីក្រុងបាងកក»។

លោក ថាក់ស៊ីន ត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃអាទិត្យ ទី១៨ កុម្ភៈ បន្ទាប់បានជាប់ក្នុងពន្ធនាគាររយៈពេល៦ខែ ដែលជាទោសត្រូវបានកាត់បន្ថយអស់ជាច្រើន នៃរយៈពេលត្រូវជាប់សរុប៨ឆ្នាំនោះ តាមរយៈព្រះរាជសារសណ្តោសប្រណី របស់ព្រះមហាក្សត្រថៃ។

ក្នុងជំនួបច្រើនម៉ោងក្នុងគេហស្ថានរបស់លោក ថាក់ស៊ីន ក្នុងសង្កាត់ Bang Phlat នៃទីក្រុងបាងកក, សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ឯកឧត្តម ថាក់ស៊ីន ទោះបីមានជម្ងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួមអ៊ុងអ៊ីង ជាកូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ»។

សម្តេចតេជោបានសរសេរក្នុងបណ្តាញសង្គមទៀតថា «អតីតនាយករដ្ឋមន្ត្រី ទាំង ២នាក់ ជួបគ្នា មិនបាននិយាយអំពីរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សាវរីយ៍ រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំង២ តាំងពីឆ្នាំ១៩៩២មក»។

សម្តេចតេជោបានសរសេរទៀតថា សម្តេចបានអញ្ជើញកូនស្រីពៅលោក ថាក់ស៊ីន ដែលជាប្រធានគណបក្សភឿថៃ មកធ្វើទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៤ និង១៥ មីនា ឆ្នាំ២០២៤ខាងមុខនេះ «ដើម្បីពង្រឹងចំណងមិត្តភាព»។

ads banner