សម្តេចធិបតីបញ្ជាក់គោលដៅធ្វើសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា AI (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញនៅថ្ងៃទី២១កុម្ភៈនេះ ជុំវិញគោលដៅបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលជាមុខព្រួញសម្រាប់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ត្រូវទាញយកមកប្រើប្រាស់ ដើម្បីជាកម្លាំងសម្រាប់ជំរុញដំណើរសេដ្ឋកិច្ចទៅមុខរបស់ជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សម្តេចធិបតីបានលើកឡើងនូវគោលការណ៍របស់រាជរដ្ឋាភិបាល ដែលចាប់យកកត្តាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ សម្រាប់ការប្រើប្រាស់បំរើដល់ប្រយោជន៍ជាតិ។
កម្ពុជា និងពិភពលោក កំពុងស្ថិតក្នុងសម័យរីកចំរើនជឿនលឿន នៃបច្ចេកវិទ្យាឌីជីថល ក្នុងនោះបច្ចេកវិទ្យាថ្មីៗ ត្រូវបានបញ្ជ្រាបចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម, ប្រព័ន្ធកំណត់ទីតាំងសកល GPS រហូតដល់បច្ចេកវិទ្យាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Digital Twins ដែលបាននិងកំពុងធ្វើឱ្យពិភពលោកមានការប្រែប្រួលជាខ្លាំង។
កម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយដែលកំពុងក្រេបជញ្ជក់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ចំណេះដឹងបច្ចេកវិទ្យា គឺជាចំណេះដឹងមួយដ៏មានសារៈសំខាន់ ពីព្រោះពិភពលោកកំពុងតែធ្វើដំណើរក្នុងរបត់បច្ចេកវិទ្យា ដែលមនុស្សម្នាក់ៗ ត្រូវតែរៀននូវបច្ចេកវិទ្យានេះ មិនអាចមើលរំលងចោលបានឡើយ។
បច្ចេកវិទ្យាឌីជីថលបានផ្លាស់ប្តូរពិភពលោកស្ទើរតែគ្រប់កន្លែងអស់ទៅហើយ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលការធ្វើទំនាក់ទំនងគ្នាទៅវិញទៅមក មិនចាំបាច់ការធ្វើដំណើរចុះឡើងដូចពីមុនទៀតឡើយ ដោយគ្រាន់តែមានទូរស័ព្ទ Smart មួយជាមួយនឹងការភ្ជាប់ទំនាក់ទំនង នៃប្រព័ន្ធ Internet គឺគេអាចធ្វើការប្រាស្រ័យទាក់ទងគ្នាភ្លាមៗបានទៅហើយ។
ម្យ៉ាងទៀតបច្ចេកវិទ្យាឌីជីថល ក៏អាចកត់ត្រានូវទិន្នន័យរបស់មនុស្សម្នាក់ៗ ឬមនុស្សច្រើននាក់ និងអាចប្រើប្រាស់លើវិស័យផ្សេងជាច្រើនទៀត ដែលធ្វើឱ្យពិភពលោកលែងក្លាយជាកន្លែងដ៏អាថ៌កំបាំងដូចមុនទៀតឡើយ។