កងទ័ពអ៊ុយក្រែន ខឹងសម្បារ នឹងការមិនរើសទាហានថ្មីបន្ថែម
គៀវ៖ ក្រុមនាយទាហាន និងទាហានដែលកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធការពារអ៊ុយក្រែន ក្នុបពេលធ្វសង្គ្រាមជាមួយរុស្ស៊ីនោះ បានត្អួញត្អែរពីភាពនឿយហត់ និងចង់ឲ្យមានទាហានថ្មីៗ មកជំនួសពួកគេ។
ទាហានម្នាក់ឈ្មោះថា Ivan Zadontsev ដែលបានប្រញាប់ប្រញាល់ ទៅចូលរួមជាមួយកងទ័ពអ៊ុយក្រែន ពេលរុស្ស៊ីចូលឈ្លានពាន ភ្លាមៗ បានប្រាប់ កាលពីថ្ងៃអង្គារថា ពេលឥឡូវនេះ រូបគេបានហត់នឿយ ខណៈដែលសមរភូមិនេះជិតឈានចូលដល់ ឆ្នាំទី៣ ហើយនោះ។
លោក Zadontsev ក្នុងវ័យ ២៧ ឆ្នាំបាននិយាយថា «មិនដឹងថា ការតស៊ូប្រយុទ្ធនេះនឹងអូសបន្លាយ ដល់ណាទៀតនោះទេ»។ លោកថា «យើងហត់ហើយ យើងទាំងអស់គ្នាចង់សម្រាក សូមអ្នកទាំងឡាយ មកប្តូរពួកយើងទៅ»។
ភាពនឿយហត់នេះកំពុងបង្កភាពលំបាកសម្រាប់មេដឹកនាំយោធា ដែលត្រូវការកម្លាំងមនុស្សបន្ថែមទៀត ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ី។
លោក Sergiy Ogorodnyk អាយុ ៣៩ ឆ្នាំ ដែលដឹកនាំកម្លាំងវាយប្រហារតាមអាកាសបាននិយាយថា «មនុស្សត្រូវការសម្រាក មិនមែនគ្រាន់តែដើម្បីសង្គ្រោះ និងបន្តការប្រយុទ្ធនោះទេ» ។
លោកបាននិយាយថា «ពួកគេក៏ត្រូវការពេលវេលាដើម្បី កសាងជីវិតជនស៊ីវិលរបស់ពួកគេឡើងវិញដែរ» ដោយបន្ថែមថា អារម្មណ៍នៃ “ភាពអយុត្តិធម៌” ចំពោះអ្នកដែលមិនត្រូវបានគេហៅឱ្យឡើងប្រយុទ្ធ កំពុងពុះកញ្ជ្រោលក្នុងចំណោមការបម្រើកងទ័ព នៅប្រទេសអ៊ុយក្រែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត