Boeing ប្រកាសត្រៀមខ្លួនប្រជែងជាមួយយន្តហោះចិន
សិង្ហបុរី៖ ក្រុមហ៊ុន Boeing ក្នុងថ្ងៃពុធនេះ និយាយថា ត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយយន្តហោះដឹកអ្នកដំណើរ ដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ប្រទេសចិន ដែលដាក់តាំងបង្អួតរាងទៅកាន់អ្នកទិញអន្តរជាតិ នៅឯពិព័រណ៍យន្តហោះដ៏ធំបំផុតរបស់អាស៊ីក្នុងប្រទេសសង្ហិបុរី។
នាយកគ្រប់គ្រងទីផ្សារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Boeing ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Dave Schulte និយាយថា យន្តហោះចិន C919 គឺស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន Boeing និង Airbus ផលិតដែរ ហើយវាអាចជាអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ អាចពិចារណាទិញយកប្រើប្រាស់បាន។
លោក Schulte បានប្រាប់អ្នកយកព័ត៌មាននៅឯពិព័រណ៍យន្តហោះថា C919 គឺជាយន្តហោះដែលនឹងចូលខ្លួនមកប្រកួតប្រជែងជាមួយ Boeing ហើយយើងនឹងចាប់ផ្តើមប្រកួតប្រជែង។ បើតាមលោក Schulte តំបន់អាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះថ្មីចំនួន ៤,២២៥គ្រឿងនៅក្នុងឆ្នាំ២០៤២ ដូច្នេះក្រុមហ៊ុន Boeing កំពុងត្រៀមខ្លួន ដើម្បីរត់ប្រណាំងជាមួយនឹងក្រុមហ៊ុន COMAC ក្នុងការស្រូបទាញអ្នកបញ្ជាទិញ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Boeing បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ Royal Brunei Airlines ទើបបានបញ្ជាទិញយន្តហោះរបស់ខ្លួនចំនួន ៤គ្រឿង ក្នុងចំណោមយន្តហោះ Boeing 787 Dreamliners ខណៈដែលក្រុមហ៊ុន Thai Airways បានបញ្ជាទិញយន្តហោះប្រភេទដូចគ្នានេះចំនួន ៤៥គ្រឿង។
ចំណែកក្រុមហ៊ុន COMAC ក៏បានអះអាងដែរថា ខ្លួនក៏ទើបតែបានលក់យន្តហោះ C919 របស់ខ្លួនចំនួន ៤០គ្រឿងផងដែរ ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines របស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះ នៅពុំទាន់អាចទាក់ទាញអ្នកទិញនៅក្រៅប្រទេសនៅឡើយទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

