អឺរ៉ុបដាក់ទណ្ឌកម្មចិន និងកូរ៉េខាងជើង ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

ព្រូចសែល ៖ សហភាពអឺរ៉ុប ក្នុងថ្ងៃពុធនេះ បានយល់ព្រមហាមឃាត់ការនាំចេញទៅកាន់ក្រុមហ៊ុនចិនចំនួន៣ និងកត់ឈ្មោះរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅ នៃកញ្ចប់ទណ្ឌកម្មថ្មីរបស់ខ្លួន ចំពេលខួប២ឆ្នាំ នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។

អ្នកការទូតជាច្រើននិយាយថា កញ្ចប់ទណ្ឌកម្មថ្មីនេះ រួមមានការដាក់បន្ថែមក្រុមហ៊ុនចិនចំនួន៣ ទៅក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាយោធាដល់រុស្ស៊ី។

ក្រុមហ៊ុននៅតួកគី និងឥណ្ឌាក៏ជាប់ទណ្ឌកម្មនេះដែរ ខណៈដែលសហភាពអឺរ៉ុបបានកំណត់គោលដៅកាន់តែខ្លាំងឡើង ចំពោះប្រទេសទីបីដែលជួយរុស្ស៊ីឱ្យជៀសផុតពីទណ្ឌកម្មរបស់ខ្លួន។

ជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មថ្មីនេះទៀតសោត អឺរ៉ុបក៏បានបង្កកទ្រព្យសម្បត្តិ និងទិដ្ឋាការលើរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam ជុំវិញការផ្គត់ផ្គង់មីស៊ីលផ្លោងទៅឱ្យរុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុនមក លើរុស្ស៊ីក្នុងរយៈពេលពីរឆ្នាំ ជុំវិញសង្រ្គាមលុកលុយអ៊ុយក្រែន ហើយរហូតមកទល់ពេលនេះ អឺរ៉ុបបានដាក់មន្ត្រី និងអង្គភាពប្រហែល ២,០០០ ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។

ថ្វីបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ ក៏សេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែមានភាពធន់ ហើយវិមានក្រឹមឡាំងនៅតែអាចបង្កើនផលិតកម្មយោធារបស់ខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner