និស្សិត និងពលរដ្ឋ បង្ហាញការគាំទ្រពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

ភ្នំពេញ៖ តាមរយៈអនុសាសន៍ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង គ្រឿង ញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនោះ ត្រូវក្រុម និស្សិត និងពលរដ្ឋបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា។

ជាមួយវិធានការនេះនិស្សិត និងប្រជាពលរដ្ឋក៏បានបង្ហាញការ សាទរ ផងដែរ ចំពោះ វិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រា ជា ណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់។ ក្រុមនិស្សិត និងក៏ដូចជាប្រជាពលរដ្ឋ លើកឡើងថាការបង្រ្កាប ជាមួយវិធានការដាច់ខាតនេះគឺ ដើម្បី ប្រទេស មួយ ស្អាត ស្អំគ្មានគ្រឿងញៀន យុវជនប្រកបដោយចំណេះដឹង ដែលទាំង អស់នេះគឺជាកត្តាមិនអាចខ្វះបានក្នុងការ ចូលរួមចំណែក ក្នុងការ អភិវឌ្ឍសង្គមជាតិ។

ទាក់ទិនក្នុងរឿងនេះ កញ្ញា សូ ស្រីនិ យុវនិស្សិត រៀនជំនាញផ្នែកគីមីចំណីអាហារ ឆ្នាំទី៣នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬហៅថាសាលាតិចណូ (ITC)បានឱ្យដឹងថា៖បញ្ហាគ្រឿងញៀនគឺជាដំបៅអាក្រក់មួយក្នុងសង្គម ហើយបើកាលណាមនុស្សណា ម្នាក់បានជ្រុលសេពគ្រឿងញៀន តែងធ្វើឱ្យបាត់បង់សតិ និង ធ្វើអ្វីៗបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃនិងរហូតដល់សង្គមថែមទៀត។ហេតុនេះសម្រាប់វិធានការរស់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជារឿងមួយដ៏ល្អ ដើម្បីធ្វើយ៉ាង ណាប្រែក្លាយយុវជនកម្ពុជាចៀសឆ្ងាយពីគ្រោះថ្នាក់កើតចេញពីគ្រឿងញៀន ។ ពួកគេ ជា ទំពាំងស្នងឬស្សីត្រូវតែស្អាតស្អំ និងប្រកបដោយសមត្ថភាព សម្រាប់បន្តវេន ប្រទសជាតិ។

យុវនិស្សិតរូបនេះបានលើកឡើងដែរថា” ខ្ញុំសូមគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសូមឱ្យវិធានការនេះទទួលជោគជ័យដើម្បីជាប្រយោជន៍យើងទាំងអស់គ្នា”។

ដោយឡែក យុវជន លាស់សុលិក យុវនិស្សិតឆ្នាំទី២នៃវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា នេះដែរ បានចាត់ទុកថាវាជាវិធានការដ៏ល្អមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

យុវជន លាស់សុលិកបាននិយាយថា”នៅពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញវិធានការបង្រ្កាបគ្រឿងញៀនទាំងតាមក្រសួង ស្ថាប័ន និងពិសេសតាម ទីជនបទគឺវានឹងជួយឱ្យប្រជាពលរដ្ឋចៀសឆ្ងាយពីគ្រឿងញៀន និងពិសេស នោះអ្វីដែលពលរដ្ឋចង់បានគឺការរស់នៅស្ងប់សុខ មានសុវត្តិភាពមិន ភ័យខ្លាចអសន្តិសុខណាមួយកើតឡើងទេ”។

អ្នកស្រី វ៉ាលៀន រស់នៅរាជធានីភ្នំពេញមួយរូបបានបង្ហាញការគាំទ្រវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជាដោយអ្នកស្រីចាត់ទុកថានេះគឺជាវិធានការថ្មីមួយបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។កន្លងមកទោះបីការបង្រ្កាបទទួលបានផ្លែផ្កា គួរកត់សម្គាល់ក្តី តែវិធានការថ្មីនេះអ្នកស្រីជឿជាក់នឹងកាន់តែធ្វើ ឱ្យមានប្រសិទ្ធភាព ប្រសើរថែមទៀត។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយរូបទៀតគឺលោក ឆុំ សុវណ្ណឆៃ បានលើកឡើងជុំវិញ បញ្ហានេះថា “ការចង់លុបបំបាត់គ្រឿងញៀនគឺជារឿងមួយដ៏ល្អ ពលរដ្ឋទូទៅ ក៏សប្បាយចិត្តដែរ ។ វាជារឿងមួយគួរកោតសរសើរ និងត្រឹមត្រូវ ហើយក្នុង នាម ពលរដ្ឋមួយ រូបខ្ញុំសុំគាំទ្រទាំងស្រុង”។

លោកចាត់ទុកថាគ្រឿងញៀននឹងបំផ្លាញអនាគតមនុស្ស មានគ្រឿងញៀននឹងធ្វើឱ្យ សង្គម ជាតិធ្លាក់ទៅរកភាពអន្តរាយដែលគួរចៀសឱ្យឆ្ងាយទាំងអស់គ្នា។ គ្រឿងញៀន នាំឱ្យមានអំពើឆក់ប្លន់ កូនបំផ្លាញទ្រព្សសម្បត្តិឪពុកម្តាយ និងខ្លះឈានដល់ សម្លាប់ ឪពុកម្តាយយកទ្រព្យសម្បត្តិថែមទៀត។

អ្នកស្រី លឹម សុខនីម បានឱ្យដឹងថា នៅពេលបានលឺប្រមុខរាជរដ្ឋាភិបាលមានវិធាន ការ ក្នុងការបង្រ្កាបគ្រឿងញៀនគឺពលរដ្ឋពិសេសអ្នកស្រីផ្ទាល់សប្បាយចិត្ត និងគិតថា វាមានសារៈសំខានខ្លាំងណាស់។

អ្នកស្រីមិនចង់ឃើញការរីករាលដាលគ្រឿងញៀនបន្តទៀតឡើយ ។ ការបង្រ្កាប គ្រប់ ទីកន្លែងគឺវាបានជួយបំបាត់ដល់ឬសគល់គ្រឿងញៀននិង កុំឱ្យមាន ក្នុងប្រទេសយើង ។

ដោយឡែក លោក កែវ សុវណ្ណរិទ្ធ ដែលរស់នៅខេត្តស្វាយរៀង ហើយមកប្រកប មុខរបរ ជាអ្នករត់ម៉ូតូឌុបនៅរាជធានីភ្នំពេញបានសម្តែងការគាំទ្រ រាជរដ្ឋាភិបាល យ៉ាងពេញទំហឹង និងចាត់ទុកវិធានការនេះគឺនឹងផ្តល់នូវផលប្រយោជន៍ យ៉ាងច្រើន ដល់សង្គមជាតិ។ បើមានគ្រឿងញៀនវានឹងបង្កការប៉ះពាល់ច្រើនក្នុងសង្គម ហើយ មិនថានៅទីណាទេគឺនឹងជួបការលំបាកទាំងការរស់នៅ និងក៏ដូចជាការប្រកប របរ ចិញ្ចឹមជីវិតផង។

អ្នកនាងជុំមករា រស់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញបាន បង្ហាញ ការចាប់អារម្មណ៍ថា”ខ្ញុំរីករាយជាមួយនឹងវិធានការថ្មីនេះ។ខ្ញុំគិតថាគ្រឿង ញៀនជះផលលំបាក ហើយគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់សម្រាប់ក្រុមគ្រួសារនិងក៏ដូចជា ប្រទេសជាតិ ។ ខ្ញុំសូមចូលរួមគាំទ្រពេញទំហឹងជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើង” ។

គួរបញ្ជាក់ថាតាមរយៈបទបញ្ជានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពី ឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

សម្តេចបានបន្ថែមថា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្ត យុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខា ន់ របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុង ជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាល មានភាពចាំបាច់ ក្នុងការ ដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖

១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យ ជាប្រចាំ ចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ច សន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខ តំណែង និង បណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការ ស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែល ត្រូវ បាន រកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមាន ការពាក់ព័ន្ធនឹង គ្រឿងញៀនខុសច្បាប់។

៣៖ ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោម តាមច្បាប់និងបទប្បញ្ញត្តិជាធរមានឡើយ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner