ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ការរៀបចំវាយតម្លៃការផ្តល់សេវាសាធារណៈដើម្បី បង្ហាញនូវការលះបង់របស់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ការរៀបចំនៃយន្តការ និងការរៀបចំវាយតំលៃអង្គភាពផ្តល់សេវាសាធារណៈ គឺជាការផ្តល់ឱកាសទៅដល់នាយក នាយិកា ក៏ដូចជាមន្រ្តី រាជការស៊ីវិល អង្គភាពណាដែលបានខិតខំប្រឹងប្រែង លះបង់ តស៊ូ ពុះពារ យ៉ាងណាដើម្បី អភិវឌ្ឍន៍ទៅលើអ្វីដែលជាសមត្ថភាពនៅក្នុងការផ្តល់សេវា សាធារណៈ នៅក្នុងអង្គភាព របស់ខ្លួន ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ប្រសិនបើមិនមានវេទិការ នៃការផ្តល់ការវាយតំលៃនេះ ក៏គាត់មិនអាចបង្ហាញនូវសមត្ថភាព និងការខិតខំប្រឹងប្រែង ទៅលើកិច្ចការងាររបស់គាត់នោះទេ ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាចែករំលែកបទពិសោធ នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បន្តទៀតថា គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលមកពីក្រសួងចម្រុះ ក៏អាចស្វែងយល់បាននូវ ការអនុវត្តន៍ទៅហើយឃើញថា មន្រ្តីគាត់មានឆន្ទៈ មានចំណុចខ្លះប្រហែលត្រូវការជួយពីថ្នាក់លើ ផ្អែកទៅលើមូលដ្ឋានចំណុចនេះ មួយផ្នែកយើងបានបង្ហាញពីឆន្ទះរបស់មន្រ្តី និងមួយផ្នែកទៀតគឺយើងបានរៀនសូត្របន្ថែមទៀតថាតើចំណុចណាខ្លះ ដែលយើងអាចជួយជាការចូលរួមឧបត្ថម្ភ គាំទ្រដល់អង្គភាព ដែលខិតខំប្រឹងប្រែងពុះពារ ដែលមានសមត្ថភាព លទ្ធភាពនៅក្នុងការអភិវឌ្ឍន៍ខ្លួនបន្ថែម ដែលនិងផ្តល់សេវាកាន់តែល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner