លោក Biden បន្ធូរបន្ថយបំណុលនិស្សិត ទាញសម្លេងឆ្នោតពីយុវជន

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាប់ឆ្នោត ក្នុងឆ្នាំ២០២០ ធ្លាប់ទទួលបានសម្លេងភាគច្រើន ពីអ្នកបោះឆ្នោត វ័យក្មេងៗ។ កាលពីថ្ងៃពុធ បានប្រកាសថា លោកកំពុងបន្តកម្មវិធីលើកលែងបំណុល សម្រាប់និស្សិត ដោយលោកសម្រេចចិត្តលុបចោលប្រាក់កម្ចី សម្រាប់និស្សិតអាមេរិក ជាង១៥ម៉ឺន នាក់ បន្ថែមទៀត។

លោក Biden បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខណៈពេលដែលសញ្ញាបត្រមហាវិទ្យាល័យ នៅតែផ្លូវទៅរកជីវិតកាន់តែប្រសើរ ប៉ុន្តែ ថ្លៃសិក្សាដើម្បីទទួលបាន គឺថ្លៃពេក..ហើយជនជាតិអាមេរិកជាច្រើននាក់ទៀតនៅតែជំពាក់បំណុល មិនមាននិរន្តរភាព ជាថ្នូរនឹងសញ្ញាប័ត្រមហាវិទ្យាល័យ»។

ក្នុងអំឡុងពេលកាន់តំណែង ជាប្រធានាធិបតី លោក Biden បានលុបចោលប្រាក់កម្ចីនិស្សិតសហព័ន្ធចំនួន ១៣៨ពាន់លានដុល្លារ សម្រាប់និស្សិត ៣.៩លាននាក់ នេះបើយោងតាមការបូកសរុបដោយរដ្ឋបាល របស់លោក។

លោក Biden បានបន្ថែមថា «ខ្ញុំសប្បាយចិត្តណាស់ដែលអាចលើកលែងប្រាក់កម្ចីទាំងនេះបាន ពីព្រោះនៅពេលដែលយើងបន្ធូរបន្ថយបំណុលសិស្សអាមេរិក ពួកគេមានសេរីភាពក្នុងការដេញតាមក្តីសុបិនរបស់ពួកគេ»។

សម្រាប់វិធានការថ្មី សេតវិមានបានគណនាថា វិធានការនេះ អាចនឹងលុបចោលបំណុល ចំនួន ១.២ ពាន់លានដុល្លារ ហើយផ្តល់អត្ថប្រយោជន៍ ដល់និស្សិត ១៥៣០០០នាក់។

អាមេរិកគ្រោងនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ហើយគេជឿថា លោក Trump នឹងមកប្រជែងជាមួយ លោក Biden ជាថ្មី។

ការស្ទង់មតិដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ដោយសាកលវិទ្យាល័យ Quinnipiac បង្ហាញថា លោក Biden និង លោក Trump ទទួលការគាំទ្រពីយុវជនប្រហាក់ប្រហែលគ្នា គ្រាន់តែថា លោក Biden លើស លោក Trump ២ភាគរយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner