រុស្ស៊ីចោទក្រុមប្រឹក្សាអង់គ្លេសថា ធ្វើចារកម្មឲ្យអ៊ុយក្រែន

សេវាប្រឆាំងការស៊ើបការណ៍សម្ងាត់សហព័ន្ធ របស់រុស្ស៊ី ហៅកាត់ FSB កាលពីថ្ងៃពុធ បាននិយាយថា ក្រុមប្រឹក្សាចក្រភពអង់គ្លេសដែលជាទីភ្នាក់ងារទទួលបន្ទុកផ្នែកអប់រំ និងវប្បធម៌ បាននិងកំពុងប្រមូលព័ត៌មានសម្រាប់ការស៊ើបការណ៍សម្ងាត់ ឲ្យទៅអ៊ុយក្រែន។

សេវាសន្តិសុខជាតិដ៏សំខាន់របស់រុស្ស៊ីមួយនេះបានចោទប្រកាន់ថា ក្រុមប្រឹក្សាចក្រភពអង់គ្លេស កំពុងប្រមូលព័ត៌មាននៅក្នុងតំបន់ Kherson ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ FSB បានចោទប្រកាន់ថា ទីភ្នាក់ងារអង់គ្លេសមួយនេះ បានប្រើជនភៀសខ្លួនអ៊ុយក្រែន ចូលរួមធ្វើកិច្ចការនេះ។

នៅពេលដែលភ្នាក់ងារព័ត៌មាន AFP ទាក់ទងទៅដើម្បីសុំការបញ្ជាក់ ក្រុមប្រឹក្សាអង់គ្លេសមិនបានធ្វើអត្ថាធិប្បាយ ភ្លាមៗទេ។

FSB បានបន្ថែមថា ខ្លួនកំពុងអនុវត្ត «ការត្រួតពិនិត្យ» នៅក្នុងតំបន់ ហើយបានព្រមានថា អាចនឹងមានការកាត់ទោសមនុស្ស សម្រាប់កិច្ចសហការសម្ងាត់ ជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដែលគេចាត់ទុកថា ជាឧក្រិដ្ឋកម្ម ហើយដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេលប្រាំបីឆ្នាំ។
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner