អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមនឹងដៃគូសហការរៀបចំតាំងពិព័រណ៍ភ្នំក្រវាញ ក្រោមប្រធានបទ “ភ្នំក្រវាញជារៀងរហូត”

(ភ្នំពេញ) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំកម្មវិធីតាំងពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត”” ក្រោមកិច្ចសហការជាមួយ Murals_for_Cambodia (MFC)ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ដោយមានដាក់តាំងបង្ហាញរូបថតទេសភាពស្រស់ ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការការពាររបស់ប្រជាជនរស់នៅជុំវិញតំបន់នោះ ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើ ចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមានតែនៅកម្ពុជាគឺជួរភ្នំក្រវាញរបស់យើង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery កញ្ញាបណ្ឌិត Suwanna Gauntlett ស្ថាបនិក និងជានាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃមានប្រសាសន៍ថា៖ “អង្គការយើងចុះការពារផ្ទាល់នូវតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧ លានហិកតា។ យើងមានគោលបំណងការពារ និងអភិរក្សព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុង ក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ។”

កញ្ញាបណ្ឌិត Suwanna Gauntlett បន្តថា ទោះជាយ៉ាងណាក៏ដោយ យើងកំពុងបាត់បង់ព្រៃឈើរបស់យើងដោយសារភ្លើងឆេះ និងការកាប់ឈើ ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា។ ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានត្រៀម លក្ខណៈរួចរាល់ក្នុងការនាំយកមកវិញនូវវត្តមានសត្វខ្លាធំមករស់នៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ ហើយពិព័រណ៍នេះជួយផ្សព្វផ្សាយ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ជា ពិសេសអម្បូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ អប់រំអ្នកទាំងអស់ គ្នាអំពីសារៈសំខាន់របស់សត្វខ្លាធំនៅ ក្នុងជម្រកព្រៃធម្មជាតិ ដោយគ្មានការបរបាញ់ និងដាក់អន្ទាក់ចាប់សត្វព្រៃ។

លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery បាននិយាយថា៖ “យើងជឿថា ទីក្រុង និងភូមិ នានារីកចម្រើននៅពេលដែលទីកន្លែងនោះពោរពេញដោយសិល្បៈ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធ និងលំហសកម្មភាពសិល្បៈ។

លោកបន្ថែមថា បេសកកម្មរបស់យើងគឺបង្កើតឱ្យមានលំហ និងបន្ថែមពណ៌នៃជីវិត ដើម្បី ពង្រឹងប្រជាសហគមន៍ និងបណ្ដុះថែរក្សា និងលើកតម្កើងគុណតម្លៃសម្រាប់ទីផ្សារសិល្បៈខ្មែរ។

ភ្នំក្រវាញកណ្តាល ត្រូវបានវាតទុក ជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។

គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃរបោះដែលអំណោយផលដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្ដល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ។

ជួរភ្នំនេះ ក៏ជាតំបន់សំខាន់បំផុតនៃជីវៈចម្រុះ ជាពិសេសជាច្រករបៀងដំរីដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន៥២ប្រភេទដែលកំពុងរងការគំរាមកំហែង ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN។ ចាប់ពីឆ្នាំ២០១៦មក កម្ពុជាក៏រកចំណូលបានប្រមាណជាង១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនពីព្រៃឈើ ទៅឱ្យក្រុមហ៊ុនមានឧស្សាកម្មបញ្ចេញផ្សែងពុលច្រើន ដែលមានមូលដ្ឋាននៅប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner