អ៊ីរ៉ង់ថា ការវាយប្រហាររបស់អាមេរិក-អង់គ្លេសលើយេម៉ែន កំពុងពង្រីកវិសាលភាពសង្គ្រាម និងអស្ថិរភាព
តេហេរ៉ង់៖ អ៊ីរ៉ង់ នៅថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិក និងអង់គ្លេសលើយេម៉ែន ដោយនិយាយថា ប្រទេសទាំងពីរកំពុងស្វែងរកការបង្កើនភាពតានតឹង និងវិបត្តិនៅក្នុងតំបន់។
ការថ្កោលទោសនេះ កើតឡើងបន្ទាប់ពីកងកម្លាំងអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារថ្មីៗប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ូទីចំនួន១៨ នៅយេម៉ែន កាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងរលក នៃការវាយប្រហាររបស់ក្រុមភេរវករ ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនេះ ទៅលើការដឹកជញ្ជូនតាមច្រកសមុទ្រក្រហម។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារចុងក្រោយនេះរបស់អាមេរិក និងអង់គ្លេស កំពុងស្វែងរកការកើនឡើងភាពតានតឹង និងវិបត្តិនៅក្នុងតំបន់ ក៏ដូចជាពង្រីកវិសាលភាពនៃសង្គ្រាម និងអស្ថិរភាព។
ជាមួយគ្នានេះ លោក Kanani ក៏បានថ្កោលទោសបន្ថែមទៀតលើអាមេរិក និងអង់គ្លេស ចំពោះការខកខានចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ក្រុមហ៊ូទី នៅយេម៉ែន និយាយថា ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូននៅជុំវិញសមុទ្រក្រហម គឺដើម្បីបង្ហាញពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
ជាមួយគ្នានេះ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Saree បាននិយាយនៅថ្ងៃអាទិត្យថា ការវាយប្រហារនឹងបន្តរហូតដល់ការឈ្លានពានបញ្ឈប់នៅក្នុងតំបន់ហ្គាហ្សា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា