រដ្ឋនៅទ្វីបអាហ្វ្រិកជំរុញឱ្យ WTO ជួយសង្គ្រោះវិស័យកប្បាស
ឌូបៃ៖ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Abu Dhabi នៅថ្ងៃអាទិត្យ ប្រទេសផលិតកប្បាសនៅទ្វីបអាហ្រ្វិក បានអំពាវនាវដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យស្វែងរកដំណោះស្រាយជួយដល់ពាណិជ្ជកម្មកប្បាស ដែលកំពុងរងផលប៉ះពាល់បង្កឡើងពីបណ្តាប្រទេសឧស្សាហកម្ម។
ប្រទេស C4 មានដូចជា បេណាំង, បួគីណាហ្វាសូ, ម៉ាលី និងឆាដ បានអំពាវនាវឱ្យបញ្ចប់ការឧបត្ថម្ភធនកប្បាសសម្រាប់ប្រទេស ដូចជាសហរដ្ឋអាមេរិក ឥណ្ឌា និងចិន ដោយពួកគេនិយាយថា ប៉ះពាល់ដល់តម្លៃកប្បាសក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆាដ លោក Ahmat Abdelkerim បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុង Abu Dhabi ក្នុងនាមប្រទេស C4 ថា អស់រយៈពេល ២០ឆ្នាំមកហើយ ដែលពាណិជ្ជកម្មកប្បាសត្រូវបានបង្ខូចតម្លៃ ដែលបន្តប៉ះពាល់ដល់ជីវិតរស់នៅរបស់អ្នកផលិតកប្បាសរាប់លាននាក់នៅក្នុងទ្វីបអាហ្រ្វិក។
ដូច្នេះហើយ C4 អំពាវនាវឲ្យមានការដោះស្រាយសំណងចំពោះការខូចខាតដែលបានកើតឡើងរហូតមកទល់ពេលនេះ ហើយសម្រាប់បញ្ហាកប្បាសត្រូវដកចេញពីឯកសារកសិកម្ម ដើម្បីឈានទៅរកការពិភាក្សាបន្ត។

កូតឌីវ័រ និង C4 បានដាក់សេចក្តីព្រាងសេចក្តីសម្រេចស្តីពីកប្បាសទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីរៀបចំសម្រាប់សន្និសីទនៅប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។
ប៉ុន្តែរដ្ឋមន្ត្រីឆាដនិយាយថា សេចក្តីព្រាងសេចក្តីសម្រេចនេះ មិនត្រូវបានគេយកមកពិចារណាទេ ទោះបីជាកប្បាសមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សន្តិសុខស្បៀងផងដែរនោះ។ លោកថា បញ្ហានេះក៏នឹងរួមចំណែកយ៉ាងធំសម្បើមដល់សន្តិភាពនៅទ្វីបអាហ្វ្រិកផងដែរ។
សូមបញ្ជាក់ថា វិស័យកប្បាសមានបុគ្គលិកជាង ២០លាននាក់នៅក្នុងប្រទេស C4 និងមានតម្លៃ ២ពាន់លានដុល្លារ នេះបើយោងតាមលោក Ibrahim Malloum ជាអ្នកតំណាងប្រទេសឆាដ ទទួលបន្ទុកបញ្ហាពាណិជ្ជកម្ម៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា