ក្រុមប្រទេសរដ្ឋអាហ្វ្រិកខាងលិចដកទណ្ឌកម្មប្រឆាំងហ្គីណេ និងម៉ាលី
ឡាហ្គោស៖ ក្រុមប្រទេសជាសមាជិកសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ហៅកាត់ថា ECOWAS និយាយថា ខ្លួនកំពុងដកទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រឆាំងប្រទេសហ្គីណេ និងបញ្ចប់ការរឹតត្បិតលើការជ្រើសរើសជនជាតិម៉ាលី ឱ្យចូលរួមនៅក្នុងស្ថាប័នរបស់ប្លុកនេះ។
វិធានការបន្ធូរបន្ថយការតឹងរ៉ឹងលើហ្គីណេ និងម៉ាលី ត្រូវបានសម្រេចក្នុងអំឡុងកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ប៉ុន្តែមិនបានលើកឡើងក្នុងអំឡុងពេលសុន្ទរកថាបិទរបស់ប្រធានគណៈកម្មការ ECOWAS លោក Omar Alieu Touray នោះទេ តែបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍បិទរបស់ប្លុកនេះ។
ក្រុមប្រទេសប្លុក ECOWAS បានដាក់ទណ្ឌកម្មប្រឆាំងហ្គីណេ ម៉ាលី និងនីហ្សេរីយ៉ា ដើម្បីឆ្លើយតបនឹងការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសទាំងនេះ នៅចម្លោះឆ្នាំ២០២០ និងឆ្នាំ២០២៣។ ECOWAS ក៏បានព្យួរប្រទេសទាំងបី និងបួគីណា ហ្វាសូ ពីសមាជិកភាពនៃប្លុកនេះផងដែរ។

គួរបញ្ជាក់ថា ប្លុក ECOWAS បានហាមឃាត់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយស្ថាប័នសមាជិករបស់ខ្លួននៅក្នុងប្រទេសហ្គីណេ បន្ទាប់ពីវរសេនីយ៍ឯក Mamady Doumbouya បានបណ្តេញប្រធានាធិបតីហ្គីណេ លោក Alpha Conde ពីតំណែងក្នុងឆ្នាំ២០២១។
ចំណែកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើប្រទេសម៉ាលី ដែលបានធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២០-២០២១ ត្រូវបានដកចេញនៅឆ្នាំ២០២២ បន្ទាប់ពីយោធាបានប្រកាសពីកាលវិភាគ សម្រាប់ការផ្លាស់ប្តូរទៅការគ្រប់គ្រងតាមបែបស៊ីវិលវិញ។
ដោយឡែក តំបន់គ្មានការហោះហើរ ការបិទព្រំដែន និងការបង្កកទ្រព្យសម្បត្តិប្រឆាំងនីហ្សេរីយ៉ា បានស្ថិតក្នុងចំណោមវិធានការដែលត្រូវបានដកចេញកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនផងដែរ ស្ថិត “ក្រោមហេតុផលមនុស្សធម៌” បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន ដែលបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតលោក Mohamed Bazoum៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា